ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំដល់សិល្បករសិល្បការិនីក្នុងការតែងនិពន្ធខ្លឹមសារចម្រៀង សិល្បៈកម្សាន្ត ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌

នៅថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំដល់សិល្បករសិល្បការិនី ស្តីពី ការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម ។

តាមសេចក្តីប្រកាសរបស់ក្រសួងបានរៀបរាប់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនី ជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការ មួយគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ ។

ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាព ទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការណែនាំ ដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក ។

ក្រសួងក៏សូមអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ទាំងនោះក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។

ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួម សហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកាពថ្លៃថ្នូរនៃសង្គមជាតិយើង ៕