តារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពី UNICEF Cambodia លើកិច្ចការងារមួយនេះ

ក្រោយពីតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានបញ្ចេញសកម្មភាពអប់រំជាច្រើននៅតាមបណ្តាខេត្តនានា អស់ពេលពីរឆ្នាំ ថ្មីៗនេះនាងទទួលបានលិខិតសរសើរក៏ដូចជាពានរង្វាន់ពី UNICEF Cambodia ផងដែរ ។

តារាសម្តែង ស៊ីន យូប៊ីន តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌ជាច្រើនជាពិសេសរយៈពីរឆ្នាំមកនេះនាងបានលេចមុខខ្លាំងជាមួយ UNICEF Cambodia ដែលផ្តោតទៅលើសកម្មភាពការងារលើកកម្ពស់សិទ្ធិកុមារនាទិវាកុមារពិភពលោកនៅខេត្ត មណ្ឌលគិរី ជាដើម ។

ជាមួយក្តីរំភើបក្នុងការទទួលបានប័ណ្ណសរសើរ និងពានរង្វាន់ពី UNICEF Cambodia តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ក៏បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលចិត្ត ពេលដែលនាងចុះទៅធ្វើការងារនៅខេត្ត មណ្ឌលគិរី គឺនាងចាប់អារម្មណ៍ឃើញថា មានអត្រានៃការរៀបការរបស់កុមារមុនគ្រប់វ័យបានកើតមានឡើងនៅទីនោះ ។

តារាសម្តែង ស៊ីន យូប៊ីន បានប្តេជ្ញាបន្តធ្វើការងារទាំងនេះអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីជួយដល់កុមារ កម្ពុជា ៕