អ្នកឧកញ៉ា ម៉ៅ ចំណាន ប្តេជ្ញាចិត្តនាំយកស្នាដៃវិចិត្រករខ្មែរ ទៅ​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ

«ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ» ។ នេះជាប្រសាសន៍ប្តេជ្ញាចិត្ត របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅចំពោះមុខភ្ញៀវកិតិ្តយស និងសិល្បករសិល្បការិនី ថ្មីចាស់យ៉ាងច្រើនកុះករ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នា ធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា តាមរយៈស្លាកសញ្ញា «The Icons of Cambodia Fine Art Series »។

ជាមួយគ្នានេះ លោក Bernard Teo សហស្ថាបនិកវិចិត្រសាលសិល្បៈអង្គរ បានចាត់ទុកការចុះអនុស្សរណៈ​នៃពិព័រណ៍ សិល្បៈគំនូរ “រូបតំណាងកម្ពុជា” នាថ្ងៃ​នេះ​ថា ព្រឹត្តិការណ៍​នេះ​ជា​ការ​អបអរ​សាទរ​នៃភាព​សម្បូរ​បែប​នៃ​សិល្បៈ វប្បធម៌ និង​ការ​ច្នៃប្រឌិត​របស់​កម្ពុជា ។ ហើយនេះក៏ជាការចាប់ផ្តើមចេញដំណើរដ៏គួរឱ្យរំភើបមួយ ដើម្បីបង្ហាញពីទេពកោសល្យមិន​ធម្មតា​នៃវិចិត្រករជាតិ និងវិចិត្រករអន្តរជាតិ​ដែល​ទាញ​ទឹកចិត្ត​ពី​មរតក​សិល្បៈ​ដ៏​សម្បូរបែប​របស់​កម្ពុជា ។

លោក Bernard Teo បានបន្តថា ការ​តាំង​ពិព័រណ៌របស់​វិចិត្រសាលសិល្បៈអង្គរ ដែល​មានមោទនភាពក្នុងការបង្ហាញការប្រមូលផ្ដុំរូបតំណាងកម្ពុជា ដែលកម្រងស្នាដៃ​គំនូរ​សិល្បៈ​បែប​ខ្មែរ​ដែល​បង្កើត​ឡើង​ដោយ​វិចិត្រករ​ជាតិ និង​អន្តរជាតិ។ ការ​ប្រមូល​ផ្តុំនេះ​នឹង​​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​សិល្បៈ​អន្តរជាតិ ដោយ​ណែនាំ​សិល្បៈ​ខ្មែរ​ទៅទស្សនិកជនជុំវិញពិភពលោក។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការចុះអនុស្សរណៈយោគយល់គ្នាគឺដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ពិសេសផ្តោតសំខាន់លើការជម្រុញវិស័យ​សិល្បៈគំនូរកម្ពុជា កាន់តែមានកិត្តិសព្ទនៅលើឆាកអន្តរជាតិ។

តាមរយៈការចាប់ដៃគ្នារវាងភាគីទាំងពីរ ទាំង​អ្នកឧកញ៉ាប្រធានសមាគម និង​លោក Bernard Teo បាន​រំពឹងយ៉ាងមុតមាំថា ៖

១. យើងនឹងអាចរួមគ្នាលើកតម្កើងស្នាដៃសិល្បៈគំនូរកម្ពុជាឱ្យកាន់លេចធ្លោរជាងមុន ។

២. យើងនឹងក្លាយជាចំណែកមួយជួយលើកទឹកចិត្តដល់វិចិត្រករក្នុងអាជីពនេះបន្ថែម ជួយរួមចំណែកក្នុងជីវភាពរបស់ពួកគាត់, ធ្វើឱ្យមានភាពសម្បូរបែប និងរស់រវើកនៃសិល្បៈគំនូរនៅកម្ពុជា ។

៣. យើងនឹងអាចជំរុញការផ្សព្វផ្សាយប្រភេទស្នាដៃសិល្បៈគំនូរដែលពោរពេញដោយទេពកោសល្យ និង ការច្នៃប្រឌិតខ្ពស់របស់វិចិត្រករ កម្ពុជា កាន់តែទូលំទូលាយនៅលើឆាកជាតិ និងអន្តរជាតិ ។

៤. យើងសង្ឃឹមថា អនុស្សរណៈនៅថ្ងៃនេះ ក៏នឹងក្លាយជាវេទិកាមួយអាចនាំយកនូវភាពស្រស់ស្អាត ថ្កុំថ្កើងនៃសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ហើយតាមរយៈស្នាដៃគំនូរដ៏ល្អវិចិត្ររបស់សិល្បករកម្ពុជា ក៏នឹងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាផងដែរ ។

៥. យើងក៏រំពឹងផងដែរ ថានឹងបើកឱកាសឱ្យ វិចិត្រករកម្ពុជា និងបរទេសកាន់តែមានពេលស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធ គ្នាកាន់តែច្រើនជាងមុន ហើយ ប្រែក្លាយទីផ្សារផ្នែកវិចិត្រសាលរបស់យើងទៅជាមជ្ឈមណ្ឌលវប្បធម៌ ដ៏ធំ នា ពេល អនាគត ៕