ប៉ុន្មានថ្ងៃនេះអ្នកគាំទ្រជាច្រើនបានគិតថា ចំណងស្នេហ៍ រវាងលោក អែត វីន និងមេម៉ាយកូន ២ សុទ្ធ បញ្ចកា បានវិលត្រឡប់មកត្រូវគ្នាសាជាថ្មី បន្ទាប់ពី សុទ្ធ បញ្ចកា បានបង្ហោះរូបភាពស្និទ្ធស្នាល រួមជាមួយសារប្លែកៗទៅកាន់លោក អែត វីន ។ ថ្វីដ្បិតតែមានរឿងបែបនេះក្តីមើលទៅលោក អែត វីន វិញ បានរក្សាភាពស្ងប់ស្ងាត់ ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ ហើយលោកក៏មិនបានវិលត្រឡប់ទៅជួបនិង ត្រូវជានាជាមួយ សុទ្ធ បញ្ចកា វិញដែរ ។
តារាសម្តែងរូបសង្ហា អែត វីន ធ្លាប់ឈឺចាប់ខ្លាំង ក្រោយពីមានរឿងរ៉ាវធំជាមួយអតីតគូស្នេហ៍ខ្លួនកាលពីជិត ៣ ឆ្នាំមុន រហូតធ្វើឱ្យជីវិតលោកធ្លាក់ដល់ចំណុចសូន្យ ទោះបីជាពេលនេះលោកបានត្រឡប់មកកាន់វិស័យចាស់របស់ខ្លួនក្តី ក៏នៅតែមិនអាចស្រោចស្រង់កេរ្តិ៍ឈ្មោះខ្លួនឱ្យឡើងវិញបានដែរ ជាក់ស្តែងពេលត្រឡប់មកវិស័យសិល្បៈកាលពីឆ្នាំមុនលោកធ្លាប់បានពោលពាក្យថា ជីវិតស្នេហាកាលពីប៉ុន្មានឆ្នាំមុនធ្វើឱ្យលោកឈឺចាប់ និងចងចាំ មិនភ្លេចក្នុងជីវិត ។
ដោយឡែកប៉ុន្មានថ្ងៃនេះស្រាប់តែ អតីតគូស្នេហ៍លោក អែត វីន បានបង្ហោះសារប្លែកៗ រួមជាមួយនិងរូបភាពដែលអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យក្នុងកម្មវិធីជួបជុំមួយ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើន គិតថា អ្នកទាំងពីរបានវិលត្រឡប់មកចាប់ផ្តើមជាថ្មីនិងគ្នាឡើងវិញ ។
ចំពោះរឿងនេះផងដែរលោក អែត វីន មិនបានតបអ្វីនៅក្នុងហ្វេសប៊ុករបស់ខ្លួនឱ្យមហាជនដឹងលឺឡើយ ផ្ទុយទៅវិញលោកនៅតែរក្សាភាពស្ងប់ស្ងាត់ដូចមុនដែរ ។ ទោះជាយ៉ាងនេះក្តីលោក អែត វីន បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា « ខ្ញុំគ្មានថ្ងៃវិលត្រឡប់ទៅរកមនុស្សដែលធ្លាប់ធ្វើឱ្យខ្ញុំឈឺចាប់ រហូតធ្លាក់ដល់ចំណុចសូន្យនោះទេ » ។
បន្ថែមពីនេះ លោក អែត វីន បានប្រាប់ទៀតថា ជីវិតរបស់លោកពេលនេះឈប់គិតពីរឿងស្នេហាហើយ លោកគិតតែពីរឿងធ្វើការ រកប្រាក់ចិញ្ចឹមជីវិត ក្រៅពីសិល្បៈលោកក៏ជាគ្រូហាត់ប្រាណមួយ ទៅថ្ងៃអនាគត លោកចង់បើកក្លឹបហាត់ប្រាណមួយ ដើម្បីជួយដល់បងប្អូនដែលចង់បានរូបរាងស្អាត និងមានសុខភាពល្អ ៕