ថ្វីដ្បិតតែ OG Golden (អូជីហ្គូលឌិន) មិនមានគ្រូបង្វឹកនៅក្បែរខ្លួនដូចជាមិត្តភក្តិ ប៉ុន្តែនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ OG Golden បានក្លាយទៅជាម្ចាស់ពាន Rapper Fighter រដូវកាលដំបូងនេះ ។ ជាមួយនិងអារម្មណ៍រំភើប OG Golden បានស្រក់ទឹកភ្នែកនិងនិយាយទៅកាន់គ្រូបង្វឹកដែលបានលាចាកលោកនេះទាំងទឹកភ្នែក ។

OG Golden បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានបញ្ចេញសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួននៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Rapper Fighter កាលពីម្សិលមិញនេះ អ្វីដែលកាន់តែពិសេសនោះគឺលោកអាចដណ្តើមបានពាន Rapper Fighter នៅរដូវកាលទី១នេះយ៉ាងមានមោទនភាពបំផុតសម្រាប់ខ្លួនឯងក៏ដូចជាគ្រូបង្វឹកលោក Ruchko ដែលបានលាចាកលោកទៅទាំងមិនទាន់ឃើញជោគជ័យរបស់កូនសិស្សខ្លួន ។
ជាមួយនិងក្តីរំភើបនេះ OG Golden បានស្រក់ទឹកភ្នែក និងនិយាយទៅកាន់គ្រូបង្វឹករបស់ខ្លួនទាំងក្តុកក្តួលចិត្តថា « លោកគ្រូខ្ញុំធ្វើបានហើយ ! » ។
សម្រាប់រង្វាន់ដែល OG Golden ឈ្នះពីកម្មវិធី Rapper Fighter រដូវកាលទី១ នេះរួមមាន ខ្សែកនិង បណ្តោង Rapper Fighter ព្រមជាមួយនិងទឹកប្រាក់៦០លានរៀល ។ OG Golden បានប្តេជ្ញាចិត្តនឹងប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីឱ្យវិស័យចម្រៀងរ៉េបនៅក្នុងប្រទេស កម្ពុជា កាន់តែទទួលបានការចាប់អារម្មណ៍ ៕



