ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញនិងបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈ ស្រាប់តែកញ្ញា អ៊ិន លក្ខិណា ប្រកាសបើកចំហររវាងទំនាក់ទំនងខ្លួនជាមួយនិងកីឡាករហែលទឹកម្នាក់ដែលជាមិត្តរួមអាជីពបានស្គាល់គ្នាជា១០ឆ្នាំមកហើយ ។

កញ្ញា អ៊ិន លក្ខិណា កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់នៅក្នុងចំណាត់ថ្នាក់ Top 10 ក្នុងការប្រកួតប្រជែងសម្រស់ Miss Cosmo កាលពីឆ្នាំទៅមិញនៅប្រទេស វៀតណាម ។ ចាប់តាំងពីពេលនោះមក អ៊ិន លក្ខិណា កាន់តែរកប្រាក់ចំណូលបានខ្ពស់ ព្រោះទទួលបានការងារជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនជាច្រើន ។
ជាមួយនិងការលេចធ្លោនេះ អ៊ិន លក្ខិណា ក៏បានសារភាពពីទំនាក់ទំនងស្នេហ៍របស់ខ្លួនជាមួយកីឡាករហែលទឹករូបសង្ហាម្នាក់ដែលតែងតែទៅណាមកណាជាមួយនាងមិនដែលខាន ។សូម្បីតែអ្នកគាំទ្រ ជាច្រើនក៏ឃើញថា ទំនាក់ទំនងអ្នកទាំងពីរល្អខុសពីមិត្តធម្មតា ។
កញ្ញា អ៊ិន លក្ខិណា បានប្រាប់ថា នាងបានស្គាល់គ្នាជាមួយគាត់ ( សូណា កីឡករហែលទឹក)តាំងពីឆ្នាំ២០២១២មកម្ល៉េះ តាំងពីអ្នកទាំងពីរហាត់រៀនហែលទឹកជាមួយគ្នា ។ ដោយសារមើលឃើញថាគាត់ជាមនុស្សល្អ មានបេះដូងស្មោះ ទើបនាងសម្រេចចិត្តមើលចិត្តគ្នាទៅវិញទៅមក ។
នេះជាលើកទី១ហើយដែល អ៊ិន លក្ខិណា ក្លាហាន និងសារភាពពីទំនាក់ទំនងស្នេហ៍របស់ខ្លួន ខុសប្លែកពីសិល្បករមួយចំនួនដែលចូលចិត្តលាក់បាំងពីប្រវត្តិស្នេហ៍នៅពេលដែលកេរ្តិ័ឈ្មើរបស់ខ្លួនកំពុងល្បីល្បាញ ។ កញ្ញា អ៊ិន លក្ខិណា បានបន្ថែមថា ធម្មតាមនុស្សស្រឡាញ់គ្នា ចាំបាច់លាក់បាំងធ្វើអ្វី ។
ចំពោះរឿងរៀបការ អ៊ិន លក្ខិណា នៅពុំទាន់គិតគូនៅឡើយទេ ដោយសារពេលនេះនាងចង់ពង្រឹងអាជីពរបស់ខ្លួនឱ្យកាន់តែរឹងមាំសិន ជាពិសេសនាងមានបំណងនឹងសាងកេរ្តិ័ឈ្មោះថ្មីម្តងទៀតនៅលើវិស័យបវរកញ្ញានៅពេលដែលនាងមានវ័យ ២៥ ឆ្នាំ ៕


