កាលពីឆ្នាំទៅកញ្ញា ស៊ីន ជេននី ទទួលបានផ្កាសំណាងពី ស្រីនា ក្នុងថ្ងៃមង្គលការ ដោយឡែកឆ្នាំនេះនៅពេលដែលមិត្តភក្តិសួរនាំថាតើពេលណាមានដំណឹងល្អ ស្រាប់តែតារាស្រីរូបនេះបែរជាធ្វើមុខជូរ និងតបយ៉ាងអស់សង្ឃឹមបំផុត ។

កញ្ញា ស៊ីន ជេននី គឺប្អូនស្រីរបស់តារាស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ដែលកំពុងមានឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន អ្នកទាំងពីរតែងតែទៅណាមកណារួមគ្នាមិនដែលខាន ជាពិសេស ស៊ីន យូប៊ីន កំពុងផ្ចុងផ្តើមឱ្យប្អូនស្រីល្បីឈ្មោះដូចជាខ្លួនផងដែរ ។
ថ្វីដ្បិតតែកញ្ញា ស៊ីន ជេននី នៅក្មេងខ្ចីក៏ពិតមែន តែនិយាយពីសម្រស់និងទេពកោសល្យសម្តែង គឺមានគ្រប់គ្រាន់មិនចាញ់បងស្រីរបស់ខ្លួនឡើយ ពេលនេះនាងមានការងារជាច្រើនដែលត្រូវធ្វើ ទាំងការងារថតម៉ូដ និងការងារផ្សព្វផ្សាយផលិតផលនានា ។
ស្របពេលដែលការងារដំណើរការរលូនបែបនេះមានមិត្តភក្តិជាច្រើនបានចោទសួរទៅកញ្ញា ស៊ីន ជេននី ថាតើពេលណាបង្ហាញមុខដៃគូ និងត្រៀមចូលរៀបការ ? ពីព្រោះ ស៊ីន ជេននី ក៏ធ្លាប់ទទួលបានបាច់ផ្កាពី ស្រីនា ក្នុងអំឡុងពេលនាងរៀបការកាលពីឆ្នាំមុនផងដែរ ។
ជាមួយនិងសំណួរដ៏ក្តៅបែបនេះ ធ្វើឱ្យ ស៊ីន ជេននី អស់សំណើចផង មិនសប្បាយចិត្តផង នាងបានតបទៅកាន់មិត្តភក្តិរបស់ខ្លួនទាំងទឹកមុខស្មើថា អស់សង្ឃឹមហើយ មកទល់ពេលនេះនៅពុំទាន់រកឃើញអ្នកក្នុងចិត្ត តើឱ្យរៀបការជាមនរណា ? តែទោះជាយ៉ាងណានាងចង់នៅម្នាក់ឯងសិន ពីព្រោះចង់ចំណាយពេលវេលាធ្វើការរកលុយចិញ្ចឹមជីវិតដោយខ្លួនឯង ណាមួយវ័យរបស់នាងក៏នៅក្មេងខ្ចី ទុករឿងស្នេហាមួយឡែកសិនចុះ ៕


