ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរប្រកាសបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ! 

ស្របពេលបង្ហាញមុខក្នុងសកម្មភាពការងារធំៗជាច្រើន បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ស្រាប់តែចេញមុខប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះសមាគមសិល្បករខ្មែរនឹងបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ។ 

តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ បានរៀបរាប់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន « សិល្បករខ្មែរយើង គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។ ក្នុងឆ្នាំ២០២៥ នាងខ្ញុំចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង ហើយមតិយោបល់ត្រូវបានយកចិត្តទុកដាក់ ។ យើងនឹងបង្កើតប្រវត្តិសាស្ត្រថ្មីៗជាមួយគ្នា ហើយដួងព្រលឹងជាតិខ្មែរនឹងរស់រានក្នុងសិល្បៈដែលប្រជាជាតិយើងបានបង្កើតឡើង។

ខណៈយើងកំពុងសម្លឹងឆ្ពោះទៅមុខ បេសកកម្មរបស់សមាគមសិល្បករខ្មែរគឺលើកកម្ពស់សិល្បករ សាទរចំពោះសមត្ថភាពទេពកោសល្យ និងថែរក្សាការពារវប្បធម៌ដ៏រុងរឿងដែលមានពួកគាត់ជាតំណាង។ នាងខ្ញុំពិតជាមានកិត្តិយសបំផុតដែលបានចូលរួមចំណែកក្នុងដំណើរបេសកកម្មមួយនេះ» ។ 

គួររំលឹកផងដែរថា ចាប់តាំងពីអ្នកឧកញ៉ា ម៉ៅ ចំណាន កាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរមក បានបញ្ចេញនូវសមកម្មភាពការងារធំៗជាច្រើន ទាំងការងារសប្បុរសធម៌ ការងារសង្គម និងការងារផ្សេងៗ… ដោយទទួលបានការគាំទ្រ និងការសរសើរយ៉ាងច្រើនពីសំណាក់សិល្បករសិល្បការិនី ក៏ដូចជាអ្នកគាំទ្រទូរទាំងប្រទេស ។ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើននេះ កាន់តែធ្វើឱ្យមហាជនសាទរនូវ និងចូលរួមគាំទ្រអនុសាសន៍របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ៕