ចំណងស្នេហ៍ ៥ ឆ្នាំរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នី មុន្នីនាថ និងគូស្នេហ៍នៅប្រទេស អូស្រ្តាលី ត្រូវបានបញ្ចប់ បន្ទាប់ពីនាងរងចាំដោយគ្មានដំណឹង និងគ្មានចម្លើយ រហូតធ្វើឱ្យនាងក្លាយជានារីម្នាក់ដែលកាន់តែរឹងមាំ ឈប់រងចាំ ហើយព្យាយាមធ្វើខ្លួនឱ្យសប្បាយៗ និងថែរក្សាសម្រស់ឱ្យកាន់តែក្មេងជាងវ័យ ។
តារាសម្តែង នី មុន្នីនាថ ទើបតែវះកាត់កែខ្ទង់ច្រមុះថ្មីដើម្បីបន្ថែមសម្រស់ឱ្យកាន់តែស្រស់ស្អាត បន្ទាប់ពីខ្ទង់ចម្រុះចាស់ដែលធ្លាប់ធ្វើពីមុន មានបញ្ហា ។ បន្ទាប់ពីវះកាត់កែខ្ទង់ច្រមុះថ្មីរួច នី មុន្នីនាថ កាន់តែស្រស់ស្អាតប្លែកជាងមុន ដែលធ្វើឱ្យនាងកាន់តែមានទំនុកចិត្ត ហើយលេចមុខក្នុងកម្មវិធីតូចធំជាច្រើន។
ស្របពេលដែលធ្វើខ្លួនស្អាតប្លែកបែបនេះ នី មុន្នីនាថ ក៏បានបង្ហើបនូវអារម្មណ៍ទុក្ខព្រួយ ហាក់បីដូចជាកំពុងជួបវិប្បត្តិអ្វីមួយ ជាក់ស្តែងថ្មីៗនេះនាងតែបង្ហោះសារប្លែកៗ ជាមួយអារម្មណ៍ទុក្ខសោក ដូចជាអ្នកមានវិប្បត្តិស្នេហា រហូតធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិសិល្បៈជាច្រើនគិតថា នី មុន្នីនាថ ប្រហែលជាបរាជ័យរឿងស្នេហាជាថ្មីម្តងទៀតហើយមើលទៅ ។
ដូចដឹងស្រាប់ហើយថា នី មុន្នីនាថ ធ្លាប់បានប្រកាសនាពេលកន្លងមកថា នាងមានគូស្នេហ៍រស់នៅរស់ ប្រទេស អូស្រ្តាលី ហើយនាងរងចាំគូស្នេហ៍ចុះមកស្រុក ខ្មែរ ដើម្បីគិតគូរឿងរៀបការ ពីព្រោះចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងលឺពីរឿងនេះ តែកន្លងទៅយូរហើយ នៅតែមិនទាន់ឃើញតារាស្រីរូបនេះ ដឹកដៃគូស្នេហ៍ជាង ៥ ឆ្នាំរបស់ខ្លួនចូលរោងការទៅតាមប្រពៃណីនៅឡើយទេ ។
ជួបជាមួយ នី មុន្នីនាថ កាលពីពេលថ្មីៗនេះ នាងហាក់បីដូចជាអស់ចិត្តក្នុងការរងចាំ រហូតពោលពាក្យថា បើគេស្រឡាញ់យើងគេនឹងមករកយើងហើយ ។ ថ្វីដ្បិតតែ នី មុន្នីនាថ មិនសប្បាយចិត្ត និងរឿងស្នេហារបស់ខ្លួនក្តី តែនាងមិនបានបណ្តោយឱ្យសម្រស់ ខ្លួនធ្លាក់ចុះនោះទេ ផ្ទុយទៅវិញនាងបែរជាទៅចូលហាងកែសម្ជស្ស ដើម្បីកែកុននូវចំណុចខ្វះខាត មួយចំនួន ដើម្បីធ្វើឱ្យខ្លួនកាន់តែស្រស់ស្អាត និងនៅក្មេងជាងវ័យ ជាក់ស្តែង នាងទើបតែទៅវះកាត់បន្ថែម ខ្ទង់ច្រមុះថ្មី ឱ្យកាន់តែស្រស់ស្អាត ហើយព្យាយាមថែមរក្សាសម្រស់ឱ្យកាន់តែភ្លឺថ្លា ដើម្បីជាទុនក្នុងការធ្វើការងារផ្សេងៗរបស់ខ្លួន ៕