កៀកថ្ងៃបង្ហាញស្នាដៃដែលខំប្រឹងធ្វើក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមហើយ ឌួង ហ្សូរីដា បែរជាជួបទុក្ខធំត្រូវម្តាយលាចាកលោកយ៉ាងអាឡោះអាល័យធ្វើឱ្យនាងទទួលយកមិនបាន ។
ជាច្រើនឆ្នាំមកនេះពិធីការិនី ឌួង ហ្សូរីដា ប្រឹងរកប្រាក់មើលជំងឺមហារីករបស់ម្តាយខ្លួនយ៉ាងលំបាក និងចំណាយអស់ប្រាក់យ៉ាងច្រើន តែនាងមិនដែលត្អូញត្អែរចំពោះរឿងនេះទេ ផ្ទុយទៅវិញនាងបែរជាផ្តល់កម្លាំងចិត្តដល់ខ្លួនឯងគ្រប់ពេលវេលា ដូច្នេះហើយទើបនាងទទួលបានការសរសើរពីអ្នកក្នុងនិងក្រៅប្រទេស ។
ទីបំផុតអ្វីដែល ឌួង ហ្សូរីដា ខំប្រឹងប្រែងតស៊ូនោះ គឺបានមកដល់ទីបញ្ចប់ហើយ ព្រោះម្តាយរបស់នាងបានទទួលមរណៈភាពនៅថ្ងៃទី ០១ ខែ ឧសភា នេះ ។ សិល្បករសិល្បការិនីជាច្រើនបានផ្ញើសាររំលែកទុក្ខនាងគ្រប់ៗគ្នា និងសូមឱ្យនាងរឹងមាំឡើង ។
តាមរយៈសាររបស់ ឌួង ហ្សូរីដា បានសរសេរលាយឡំនិងទឹកភ្នែកថា « លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងឱ្យលង់លក់ចុះ ជាតិនេះជាតិក្រោយកូនស្រឡាញ់លោកម៉ែរហូត »។
ក្នុងចន្លោះពេលនេះផងដែរ ឌួង ហ្សូរីដា បានទទួលការងារដ៏ធំមួយ ដែលត្រៀមបង្ហាញក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងរៀបចំឡើងនៅថ្ងៃទី ០៥ ខែ ឧសភា នេះ នាងបានខំប្រឹងធ្វើការងារនេះយ៉ាងលំបាកទាំងយប់ទាំងថ្ងៃ តែពេលនេះនាងបែរជាមានទុក្ខធ្ងន់ទៅវិញ ៕