ក្រោយពីទំលាក់បទចម្រៀងមនោរសញ្ចេតនាផ្ទួនៗគ្នានៅក្នុងផលិតកម្ម Galaxy Navatra កាន់តែធ្វើកេរ្តិ៍ឈ្មោះរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តល្បីខ្ទរខ្ទាឡើង ជាក់ស្តែងក្រោយពីទទួលបានពានរង្វាន់ពីក្រៅប្រទេសហើយ បទចម្រៀង២បទរបស់លោកក៏បានជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបនៅក្នុងសប្តាហ៍នេះ ។

បទចម្រៀង « ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ » និងបទចម្រៀង « គេងលើភ្លើង » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពិរោះរណ្តំចិត្ត និងត្រូវចិត្តអ្នកគាំទ្រណាស់ រហូតមានអ្នកចូលទស្សនារាប់លានដងក្នុងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារតែបទចម្រៀងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង ជាពិសេសតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងបទនេះយូរមកហើយ ។
ជាមួយនិងការផ្ទុះកក្រើកជាថ្មីនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍រីករាយថា « រឿងល្អៗកើតឡើងច្រើនណាស់ចុងឆ្នាំនេះ សម្រាប់ក្រុមហ៊ុនយើង បទចម្រៀងរបស់ខ្ញុំពីរបទ ដូចជាបទ « ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ » ជាប់ត្រេនឌីងលេខ ១ និងបទ « គេងលើភ្លេង » ទើបតែចេញនេះជាប់ត្រេនឌីងលេខ២នៅលើគេបំផុត លើតារាងយូធូប ក្នុងខែនេះ ពិតជាអស្ចារ្យ មោទនភាពណាស់បងសម្រាប់ក្រុមហ៊ុនយើង » ។
គួររំលឹកផងដែរកាលពីប៉ុន្មានថ្ងៃមុន កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែទទួលបានពានរង្វាន់ពីកម្មវិធីល្បីមួយនៅក្រៅប្រទេស រហូតត្រូវសារព័ត៌មានដ៏ល្បីមួយនៅប្រទេសថៃផ្សព្វផ្សាយពីលោកផងដែរ នេះជាមោទនភាពមួយសម្រាប់ប្រទេស កម្ពុជា ។ លោក ខេមរៈ សិរីមន្ត ថែមទាំងបាននិយាយថា ពួយយើងនឹងខិតខំបើកផ្លូវដល់ប្អូនៗជំនាន់ក្រោយបន្តទៀត ដើម្បីសិល្បៈចម្រៀង ខ្មែរ ឆ្ពោះទៅកាន់ឆាកអន្តរជាតិបន្តទៀត ដោយក្តីគោរពនិងស្រឡាញ់បំផុត ៕



