កាសែតដ៏ល្បីល្បាញរបស់ប្រទេសថៃ បាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានបង្ហោះសារអបអរដល់កំពូលតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា ឧកញ៉ា ខេមរ: សិរីមន្ត ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក។
តាមរយ:ការបង្ហោះលើផេកផ្លូវការក្នុងបណ្តាញសង្គមហ្វេសប៊ុក កាសែតបាងកកប៉ុស្តិ៍ បានសរសេររៀបរាប់ថា កំពូលតារាចម្រៀងកំពូលរបស់កម្ពុជាឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចបានភាពជោគជ័យគួរឲ្យកត់សម្គាល់ តាមរយៈការឈ្នះពានរង្វាន់តារាចម្រៀងកម្រិតពិភពលោក ពីកម្មវិធីប្រគល់ពានរង្វាន់អន្តរជាតិ។ បទចម្រៀងដ៏ល្បីល្បាញក្រោមចំណងជើងថា “Call Me Papa” របស់ឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ដោយមានអ្នកចុចចូលមើលរហូតដល់ទៅជាង ២ ពាន់លានដង។
ដោយចាប់តផ្តើមអាជីពដំបូងក្នុងនាមជាកូនកសិករនៅខេត្តកំពង់ចាម ឧកញ៉ា ខេមរៈ សិរីមន្ត បានខិតខំប្រឹងប្រែងធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ដើម្បីក្លាយជាតារាចម្រៀងដ៏ល្បីឈ្មោះ និងមានមុខជំនួញជាច្រើននៅក្នុងដៃ។ បទចម្រៀងរបស់លោកតែងតែសណ្ដំលួងលោមនឹងនាំការសប្បាយដល់ប្រជាជនកម្ពុជារាប់ពាន់បទធ្វើឲ្យប្រជាជនកម្ពុជាស្រឡាញ់ពេញចិត្តសមត្ថភាពរបស់លោក។
ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមួយនឹងការផលិតតន្ត្រីសម្រាប់ឆាកពិភពលោក រហូតមានការទទួលស្គាល់ និងឈានដល់ការឈ្នះពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមួយនេះ។ សមិទ្ធិផលទាំងនេះហើយ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់ ទេពកោសល្យ និងការអំណត់តស៊ូរបស់លោកឧកញ៉ាផ្ទាល់។ នេះបើតាមការបញ្ជាក់បន្ថែមពីកាសែតបាងកកប៉ុស្តិ៍៕