ងាកពីការទស្សនាភាពយន្តភ័យរន្ធត់ និងព្រឺព្រួច ទស្សនិកជនអាចទស្សនារឿង « ព្រានស្នេហ៍ » ដែកជាភាពយន្តមួយរបស់ផលិតកម្ម២រួមគ្នាផលិតឡើង ដើម្បីរំលេចនូវវិស័យទេសចរណ៍នៅលើទឹកដីកោះរុង ។
ក្នុងពិធីសម្ពោធចាក់បញ្ចាំងរឿង « ព្រាយស្នេហ៍ ឬ Bad Boy » កាលពីថ្ងៃទី ១៧ ខែ ធ្នូ នៅរោងភាពយន្ត Major Cineplex មានជ័យមានអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ ។ អ្នកដឹកនាំរឿងលោក ជុំ សុភា បានបញ្ជាក់ប្រាប់ថា រឿង « ព្រាយស្នេហ៍ » មិនត្រឹមតែផ្តល់នូវការកម្សាន្កទៅដល់ទស្សនិកជនប៉ុណ្ណោះទេ គឺលោកចង់បង្ហាញពីតំបន់ទេសចរណ៍នៅទឹកដីកោះរុង ។
«ព្រានស្នេហ៍ ឬ Bad Boy» គឺជាខ្សែភាពយន្តខ្មែរបែបមនោសញ្ចេតនា ស្នេហាយុវវ័យ និងកំប្លែង ដែលសាច់រឿងនេះបង្ហាញពីបេសកម្មរបស់តួអង្គប្រុស ដារ៉ុង ក្នុងការតាមញ៉ែតួអង្គស្រីឱ្យបានក្នុងយៈពេល ៧ថ្ងៃ ។ លោក សុខ សាន់នី គឺជាតួឯកប្រុសសម្តីផ្អែម និង ព្រាននារីបំផុតនៅក្នុងរឿងនេះ ។
លោក សុខ សាន់នី បានឱ្យដឹងផងដែរថា វត្តមានថ្មីរបស់លោកនៅក្នុងរឿងនេះក៏មិនខុសពីរឿងមុនៗដែរ គឺត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសលោកសម្តែងជាតួអង្គកូនអ្នកមាន និងសប្បូរស្នេហ៍ ។
គួរបញ្ជាក់ផងដែរថា រឿង «ព្រានស្នេហ៍ ឬ Bad Boy» ត្រូវបាននិពន្ធឡើងយ៉ាងសម្រិតសម្រាំង ដោយផលិតកម្ម អេហ្សិត អ៉ីនធឺធេនមិញ (AZ Entertainment) និងផលិកម្មរាហ៊ូ ប្រូដាក់សិន (Reahu Production)ភាពយន្តនេះគឺជា រឿងខ្មែរបែបមនោសញ្ចេតនាតែមួយគត់ក្នុងបំណាច់ឆ្នាំ២០២៤ ដែលផ្តល់ការកំសាន្ត ក៏ដូចជានាំអារម្មណ៍ទស្សនិកជនក្នុងការធ្វើដំណើរកំសាន្តទៅកាន់កោះរុង នៃខេត្តព្រះសីហនុ ។ បើតាមគម្រោងរឿង «ព្រានស្នេហ៍ ឬ Bad Boy» នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៩ ខែធ្នូ តទៅនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ។ លោក ជុំ សុភា បានបន្ថែមទៀតថា រឿង « ព្រានស្នេហ៍ » បានចូលរួមចំណែកលើកម្ពស់វិស័យទេសចរណ៍ជាតិ ដែលជាវិស័យដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិរបស់យើងទាំងមូលផងដែរ តាមរយៈការផ្តិតយកនូវទីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតនានា នៅក្នុងតំបន់កោះរុង ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ៕