រៀបការ២០ឆ្នាំ ប៉េងប៉ោង តស៊ូទាំងលំបាកទើបទទួលបានចំណងដៃបុត្រីម្នាក់ទាំងប្រថុយជីវិត !

រៀបការ២០ឆ្នាំហើយតារាកំប្លែង និងសម្តែង ប៉េងប៉ោង ទើបតែទទួលបានបុត្រីម្នាក់ជាចំណងដៃ ធ្វើឱ្យនាងនិងគ្រួសាររំភើបចិត្តឥតឧបមា ប៉ុន្តែទំរាំបានកូនស្រីម្នាក់នេះ នាងតស៊ូទាំងប្រថុយជីវិត ។ 

តារាកំប្លែង ប៉េងប៉ោង ត្រូវបានអាចចាត់ទុកថាជាតារាសម្តែងស្រីមួយរូបដែលបានរៀបការយូជាងគេប៉ុន្តែបែរជាគ្មានកូន ក្នុងចន្លោះពេល២០ឆ្នាំនេះ នាងនិងស្វាមីបានរិះរកគ្រប់វិធីតែមិនបានសម្រេច ទោះបីជាចេញទៅពិនិត្យសុខភាពនៅក្រៅប្រទេស និងបានជ្រើសរើសការមានកូនដោយបច្ចេកទេសសម័យថ្មីក្តី ក៏នាងបរា័យគ្រប់ពេល ដោយឡែកនៅក្នុងឆ្នាំ ២០២៤ នេះចាត់ទុកជាឆ្នាំសំណាង ដែលនាងអាចបង្កើតកូនស្រីតាមបំណងក្តីប្រាថ្នា ។

តារាកំប្លែង ប៉េងប៉ោង រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ទំរាំបានកូនស្រីម្នាក់នេះគឺនាងត្រូវសម្រាកពីការងារពេញមួយឆ្នាំ ដើម្បីថែសុខភាព និងថែកូនក្នុងផ្ទៃ ដួចដឹងស្រាប់ហើយថា នាងមានជំងឺជាច្រើននៅក្នុងខ្លួន ។ ប៉ែងប៉ោង ថែមទាំងផ្តាំផ្ញើស្រ្តីគ្រប់រូបដែលពិបាកក្នុងការមានកូន សូមតស៊ូនិងប្រឹងប្រែងរកគ្រប់វិធីដើម្បីទទួលបានផលដូចជារូបនាង ។ 

ពេលនេះកូនស្រីតារាកំប្លែង ប៉េងប៉ោង មានវ័យជាងពីរខែហើយ នាងនិងស្វាមីពិតជារំភើបចិត្តខ្លាំងណាស់ជាមួយចំណងដៃដ៏ពិសេសនេះ បើទោះបីជានាងមិនមានសំណាងមានកូនតាមធម្មជាតិ ប៉ុន្តែបច្ចេកទេសសម័យនេះជឿនលឿនណាស់ ដែលអាចជួយឱ្យនាងសម្រេចបំណងប្រាថ្នាបាន ៕