ដំណឹងល្អអ្នកស្រី ម៉ីសន សុធារី ដែលជាអ្នកនិពន្ធខ្មែរល្បីឈ្មោះមួយរូប កំពុងដំណើរការផ្សាយវិដេអូនិទានរឿង « សុំទោសសង្សារ » បានប្រគល់សិទ្ធ Podcast រឿងនេះទៅដល់ក្រុមនិពន្ធឥន្រ្ទីយ៍ ក្នុងការយករឿងនេះទៅសរសេរកែច្នៃជាសៀវភៅ ដោយមិនគិតថ្លៃ ។
អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា « ខ្ញុំប្រគល់ផតឃែស្ថ រឿង «សុំទោសសង្សារ» ទៅដល់ក្រុមឥន្ទ្រីយ៍ ប្រសិន ពួកគេណាម្នាក់ ឬក្រុមទាំងមូលចង់យកទៅសរសេរកែច្នៃជាសៀវភៅ។ ការប្រគល់សិទ្ធិនេះព្រោះស្រលាញ់ស្នាដៃរបស់ខ្ញុំ ដែលជាអ្នកនិពន្ធកំពុងរះជាមួយសមត្ថភាពជាច្រើន ហើយខ្ញុំមិនគិតថ្លៃអ្វីទាំងអស់! » ។
«សុំទោសសង្សារ» គឺជារឿងរ៉ាវជីវិតគ្រួសារ និងមនោសញ្ចេតនាយុវវ័យដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានលើកឡើងអំពីយុវជនរស់នៅខេត្តព្រះសីហនុអាយុ ២៣ឆ្នាំ ឈ្មោះ សុខៈ ជាកូនច្បងនៅក្នុងគ្រួសារដែលមានវណ្ណៈទាប និងម្តាយស្លាប់ ឳពុករត់ចោលផ្ទះ។ គេត្រូវបានបង្ខំឱ្យមើលថែប្អូនៗប្រុស ស្រី ៤នាក់ លែងគិតអំពីអនាគតខ្លួនឯង ។ ប្អូនគេម្នាក់មានសញ្ញាអូទីសឹមហើយម្នាក់ទៀតជាក្មេងនិយមហិង្សា បង្ករឿងនៅសាលាជានិច្ច។ សុខៈ ជឿថា ជីវិតគេ គ្មានកន្លែងសម្រាប់ទទួលយកស្នេហាដូចយុវជនឯទៀតនោះទេ រហូតដល់គេបានជួបជាមួយនារីអភិជន នាងសុមាលីន ដែលជាយុវនារីម្នាក់ធុញថប់ឌីប្រេសចំពោះសង្គមដែលសម្ភារៈនិយម។ នាងបានមកដល់ជាមួយការយកចិត្តទុកដាក់ចំពោះសុខៈ និងប្អូនៗរបស់គេ។ នាងទុកពួកគេដូចជាគ្រួសាររបស់នាង។
អ្នកស្រី ម៉ីសនសុធារី បានឱ្យដឹងទៀតថា ទស្សនវិជ្ជាចម្បងនៃស៊េរីនិទានរឿង « សុំទោសសង្សារ» គឺបានបើកបង្ហាញ ជុំវិញប្រធានបទនៃភាពធន់ក្នុងសង្គមគ្រួសារខ្មែរ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌជាពិសេសពីកូនច្បង និងការតស៊ូដើម្បីរស់រានមានជីវិតប្រឈមមុខនឹងភាពក្រីក្រដោយក្លាហាន សុចរិត គ្មានការស្រវឹងឬហិង្សា ៕