ទីបំផុតក្តីស្រមៃធំ និងការតស៊ូរបស់ រាជនីក្រមា មាន សូនីតា បានក្លាយទៅជាការពិតហើយ បន្ទាប់ពី ក្រមាខ្មែរត្រូវបានអង្គការយូណេស្កូអនុម័តយល់ព្រមចុះ «ក្រមា » ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។
ភ្លាមៗនោះកញ្ញា មាន សូនីតា បានរៀបរាប់ទាំងក្តីរំភើបនៅលើហ្វេសប៊ុករបស់ខ្លួនថា « នាងខ្ញុំ មាន សូនីតា ( រាជនីក្រមា )ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដែលនេះជាក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់។ នាងខ្ញុំ និងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះនាងខ្ញុំនឹងបន្តអភិវឌ្ឍ រចនា និងច្នៃលម្អ ឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយ » ។
កញ្ញា មាន សូនីតា បានតស៊ូក្នុងការនាំក្រមាខ្មែរទៅកាន់ពិភពលោកអស់ពេលជាច្រើនឆ្នាំមក តាមរយៈការច្នននៃជាម៉ូដសម្លៀកបំពាក់ប្លែកៗ និងរកទីផ្សារក្រមាសម្រាប់អ្នកត្បាញក្រមាជាដើម ជាក់ស្តែងកាលពីដើមឆ្នាំនាងបានទៅចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីក្រុងកាន ដែលបាននាំក្រមាខ្មែរឡើងទៅលើឆាកអន្តរជាតិដើម្បីឱ្យពិភពលោកបានស្គាល់ ។
ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស រីករាយ និងសាទរគ្រប់គ្នា នៅពេលដែល« ក្រមា » ត្រូវបានចុះបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
គួរបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27 ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
«ក្រមា» គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម ៕