ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»

អ្នកច្នៃម៉ូត ឈុត « ទេវបុត្រកាមទេព » សម្រាប់តារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ ចម្រៀង ក្នុង MV បទ “សែកមន្ត” គឺដកស្រង់ចេញពីតួអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា ដែលត្រូវបានច្នៃឈុតតាមបែបសហសម័យ ឱ្យស៊ីទៅនឹងបទចម្រៀងថ្មីនេះ។

តាមរយៈផេក “ជូនពរ” ដែលជាពិធីការទទួលរៀបចំរបាំតុបតែងសម្លៀកបំពាក់ថត និងស្ទូឌីយ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា “ឈុតទេវបុត្រកាមទេព” ជាឈុតច្នៃសាកល្បង ដកស្រង់ចេញពីតួអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា នាម ព្រះកាម​ ជាទេពនៃសេចក្តីស្រលាញ់​ ដែលមានអាវុធទេពជាធ្នូនិងផ្លែព្រួញ​ ក្នុងការទាញបាញ់ទៅលេីអស់អង្គអទិទេពទាំងឡាយ ឱ្យមានសេចក្តីស្នេហា។ 

ដោយចាប់អារម្មណ៍នូវតួអង្គនេះ​ ក៏បានរុញច្រានគំនិតក្នុងការច្នៃឈុតបែបសហសម័យមួយ ឱ្យស៊ីទៅនឹងបទចម្រៀងថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនរបស់ផលិតកម្ម Galaxy Navatra ចំណងជើង « សែកមន្ត​ » ច្រៀងដោយតារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ ។  

អ្នកផលិតម៉ូត បញ្ជាក់ថា ឈុតនេះគឺយកចេញពីមូលដ្ឋានគ្រឹះនៃចម្លាក់ខ្មែរ ដែលបានឆ្លាក់ជាប់នៅផ្ទាំងប្រាសាទអង្គរ ជាចម្លាក់មាននៅចុងសម័យអង្គរ ជាទម្រង់សិល្បៈមួយដែលអ្នកច្នៃម៉ូតសម្លៀកបំពាក់នេះ យល់ថាមិនគួរមេីលរំលង។ ដោយហេតុនេះ ទើបសម្រេចសាកដំឡើងច្នៃ និងនិមិត្តឱ្យឈុតនេះលេចជារូបរាងចេញមក ​មានឈ្មោះ​ថា « ទេវបុត្រកាមទេព » ។ 

កាន់តែពិសេសទៀតនោះ គឺការច្របាច់លាយបញ្ចូលជាមួយទម្រង់សិល្បៈខ្មែរមួយចំនួនទៀត ឱ្យឈុតមួយនេះ​ កាន់តែមានសោភ័ណភាពបែបសហសម័យ​ខ្មែរ ក្រោមពាក្យស្លោក “ បុរាណមិនយឺត​ សម័យមិនបរទេស ” ដោយរក្សាយ៉ាងណាឱ្យស្ថិតក្នុងលំហរនៃរចនាបទខ្មែរដ៏ផូរផង់។ យ៉ាងណាមិញ ជុំវិញការច្នៃនិងដំឡើងឈុតនេះ អ្នកច្នៃម៉ូត អះអាងដែរថា ចំណេះដឹងរបស់ក្រុមការច្នៃម៉ូតខ្លួន នៅមានកម្រិត និងព្រមទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដែលប្រកបដោយជំនាញនិងចំណេះដឹងពិតប្រាកដ។

គួរជម្រាបដែរថា « សែកមន្ត​ » ចម្រៀងថ្មីរបស់លោក ព្រាប សុវត្ថិ ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារផលិតកម្ម Galaxy Navatra ដើម្បីជាការអបអរសាទរគម្រប់ខួប ៨ឆ្នាំ នៃការដាក់ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា តុបតែងតែងខ្លួនក្នុងឈុតបុរាណ អមជាមួយអ្នកលេងចាប៉ីជាង ១០០នាក់។ 

សូមបញ្ជាក់ផងដែរថា បទ « សែកមន្ត » របស់ផលិតកម្មខ្នាតយក្សមួយនេះ បានផលិតជាពីរ Version។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ច្រៀងជា Version ប្រុស ចំណែកកំពូលតារាចម្រៀងស្រីរួមទ្រនំ កញ្ញា តន់ ចន្ទសីម៉ា ច្រៀងជា Version ស្រី ហើយ official MV បទនេះ នឹងបញ្ចេញជាផ្លូវការនៅម៉ោង ៦:៣០ ល្ងាចថ្ងៃទី ៣០វិច្ឆិកានេះ៕