នៅសល់តែប៉ុន្មានម៉ោងទៀតដល់ម៉ោងប្រកួតវគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាភពផែនដីអន្តរជាតិ ឬ Miss Planet International 2024 ហើយនៅសាលមហោស្រពកោះពេជ្រ ដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ដេត ស្រីនាថ ដែលជាបេក្ខភាពតំណាង កម្ពុជា បែរជាប្រកាសក្តែងៗ សុំធ្វើពិហការ មិនចូលរួមប្រកួតទៅវិញ ។ រឿងនេះកំពុងធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យបវរកញ្ញា ។
មុននេះបន្តិចកញ្ញា ដេត ស្រីនាថ បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា « ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាថ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិការ មិនចូលរួមប្រគួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ 2024 នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែ គាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា » ។
ចំពោះរឿងនេះលោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ថា ដល់នាទីនេះហើយ កម្មវិធីប្រកួតនៅតែបន្តទៅមុខ បើទោះបីជាគាត់ (កញ្ញា ដេត ស្រីនាថ ) ដកខ្លួនចេញពីការប្រកួត លោកស្រីមិនខ្វល់ឡើយ ហើយក៏មិនមានបញ្ហាអ្វីប៉ះពាល់កម្មវិធីដែរ ពីព្រោះយើងមានបេក្ខភាពបវរកញ្ញាមកពីជុំវិញពិភពលោកជិត ៧០ ប្រទេសចូលរួមប្រកួត ។ ពេលនេះយើងកំពុងតែរកលំដាប់រងទី១ Miss Planet Cambodia មកជំនួស ។
មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញ កញ្ញា ដេត ស្រីនាថ តំណាង កម្ពុជា បែរជាសុំធ្វើពិហការ មិនចូលរួមប្រកួតក្នុងកម្មវិធីធំបែបនេះ ។ មានព័ត៌មានថា កញ្ញា ដេត ស្រីនាថ សុំដកខ្លួនពីការប្រកួតនេះ ដោយសារតែមានបញ្ហាមួយចំនួន ជាពិសេសរឿងមិនទទួលបានតំណែងសំខាន់ណាមួយពីការប្រកួតនេះ ៕