រៀបការបានកន្លះឆ្នាំអតីតពិធីការិនី ថន ដារ៉ា ទទួលប្លង់រឹងពីស្វាមី !

រៀបការបានកន្លះឆ្នាំអតីតពិធីការិនី និងតារាសម្តែង ថន ដារ៉ា ទើបតែទទួលបានប្លង់រឹង ឬសំបុត្រអាពាហ៍ពិពាហ៍ទៅតាមផ្លូវច្បាប់  ។ 

រយៈពេលកន្លះឆ្នាំមកហើយដែល ថន ដារ៉ា និងឯកឧត្តម ឃី សុវណ្ណរតនា បានរៀបការជាស្វាមីភរិយាទៅតាមប្រពៃណីខ្មែរ និងមានមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ មិនថាទៅចូលរួមកម្មវិធីតូចធំ អ្នកទាំងពីរតែងតែបណ្តើរគ្នាត្រសងទៅចូលរួមមិនដែលខាន ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរការតែផ្អែមល្ហែមនិងស្អិតរមួត សូម្បីតែក្មេងៗក៏ច្រណែនដែរ ។ 

នៅព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ថន ដារ៉ា បានបង្ហាញប្រាប់អ្នកគាំទ្ររបស់ខ្លួនថា « ថ្ងៃនេះខ្ញុំនិងស្វាមីមកទទួលប្លង់រឹង (សំបុត្រអាពាហ៍ពិពាហ៍)ផ្លូវការហើយ ១៩ ខែ វិច្ឆិកា ឆ្នាំ ២ឥ២៤ ។ 

បន្ទាប់ពីទទួលបានប្លង់រឹងដោយស្របច្បាប់ហើយ អតីតពិធីការិនី ថន ដារ៉ា និងស្វាមីមានគម្រោងយកកូនភ្លាមៗ ពីព្រោះអ្នកទាំងពីរសុទ្ធតែមានវ័យច្រើនដូចគ្នា ល្មមដល់ពេលយកកូនចៅបង្កើនសមាជិកនៅក្នុងគ្រួសារហើយ ។ កន្លងមកអ្នកនាង ថន ដារ៉ា ធ្លាប់បានប្រាប់ផងដែរថា នាងគឺជាមនុស្សដែលស្រឡាញ់ក្មេង នាងក៏ចង់បានកូនឆាប់ៗដែរ ។ 

ថន ដារ៉ា ធ្លាប់ជាតារាសម្តែង និងជាអតីពិធីការិនីល្បីឈ្មោះមួយរូបដែលមានអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្ត ប៉ុន្តែនៅពេលដែលកំពុងល្បីឈ្មោះនាងបានបោះបង់អាជីពនេះចោលទាំងស្រុង ដើម្បីសាងជីវិតគ្រួសារ ។ ថ្វីដ្បិតតែធ្លាប់បរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ម្តងរួចមកហើយក្តី ប៉ុន្តែសម្រាប់អាពាហ៍ពិពាហ៍លើកទី២នេះ នាងកាន់តែមានក្តីសុខ និងសុភមង្គល បន្ទាប់ពីទទួលបានការស្រឡាញ់ និងការថ្នាក់ថ្នមខ្លាំងពីស្វាមី ដោយស្វាមីនាងបានផ្តល់គ្រប់បែបយ៉ាងដល់រូបនាង មិនឱ្យនាងលំបាកឡើយ ៕