គ្រាន់តែចេញពីវិបស្សនាភ្លាម អ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា បានបង្ហាញពីបទពិសោធរយៈពេល១០ថ្ងៃដែលធ្វើឱ្យខ្លួនក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ។
ជារឿងកម្រណាស់ដែលក្មេងៗដាច់ចិត្តទៅវិបស្សនា ជាក់ស្តែអ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា ជាដើម មិនដឹងថានាងមានបញ្ហាអ្វីនោះទេបានជាសម្រេចចិត្តទៅវិបស្សនារយៈពេល១០ថ្ងៃ ដោយមិនខ្វល់ពីពិភពលោកខាងក្រៅ តែទោះជាយ៉ាងណានាងទទួលបានតំបូលមានល្អៗជាច្រើនបន្ទាប់ពីបំពេញនូវអ្វីដែលខ្លួនចង់ធ្វើ ។
១០ថ្ងៃបានកន្លងផុតទៅ ស្រីនា ក៏បានចេញពីវិបស្សនា ភ្លាមៗនាងក៏បានចែករំលែកនូវបទពិសោធដែលខ្លួនបានប្រតិបត្តិ ។ ស្រីនា បានរៀបរាប់ថា « បទពិសោធន៍វិបស្សនា 10 ថ្ងៃដ៏អស្ចារ្យដែលខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើបានដែលត្រូវមិននិយាយគ្នា មិនហូបសាច់ មិនមានទំនាក់ទនងទៅខាងក្រៅ សមាធិជាង 10 ម៉ោងក្នុងមួយថ្ងៃ លទ្ធផលដ៏មិននឹកស្មាននិងជាមេរៀនដែលខ្ញុំយល់យ៉ាងជ្រៅដោយពិសោធន៏ឃើញខ្លួនឯង ខ្ញុំនឹងចែករំលែកទៅកាន់បងប្អូន ។ ការប្តេជ្ញា តស៊ូនិងឆន្ទះរបស់យេីងគឺខ្លាំងក្លាណាស់ វាអាចយកឈ្នះភាពភ័យខ្លាច ការឈឺចាប់ និងឧបសគ្គ ។ គ្មានអ្វីដែលស្ថិតស្ថេរទេ ទុក្ខសោក កំហឹង និងភាពលោភលន់វាក៏មិននៅជារៀងរហូតដែរ ចឹងហើយវាគ្មានតម្លៃអ្វីនឹងឱ្យយើងទៅប្រតិកម្មនិងយកវាជាធំដឹកមុខយើងហើយទៅធ្វើបាបអ្នកដទៃទេ ។ ក្តីឈឺចាប់ពិតប្រាកដគឺមិនមែនមកពីអ្នកដទៃទេគឺខ្ញុំខ្លួនឯងជាអ្នកយកវាមកដាក់ក្នុងខ្លួន ។ ជីវិតគឺជាទុក្ខស្រាប់ហើយ យើងទាំងអស់គ្នាមិនគួរណាទៅដាក់ទុក្ខ ធ្វើបាប ព្យាបាទគ្នាទៀតទេ គួរតែអាណិត មានមេត្តា ករុណាចំពោះគ្នាទៅវិញទៅមក ។ ការពិតគឺជាការនៅពេលបច្ចុប្បន្ន អតីតកាលដែលកន្លងហួសហេីយគឺមិនអាចមកវិញទេ ខ្ញុំត្រូវរស់នៅក្នុងពេលបច្ចុប្បន្នរបស់ខ្ញុំឱ្យបានល្អបំផុត ។ ដោយសារតែអ្វីៗនឹងមិនស្ថិតស្ថេរ ខ្ញុំកាន់តែមានភាពបន្ទាន់ទៅដឹងគុណ សងគុណទៅកាន់ឪពុកម្តាយ បងប្អូន សង្គមជាតិរបស់ខ្ញុំ ។ ខ្ញុំកាន់តែយល់ច្បាស់ពីភាពដ៏ប្រពៃរបស់ មេត្តា ករុណា មុទិតា និងឧបេក្ខា ។ ទោះខ្ញុំនឹងត្រូវស្លាប់ទៅវិញមែន តែខ្ញុំចង់រស់នៅជាតិនេះឱ្យបានល្អបំផុត ជាប្រយោជន៏សម្រាប់អ្នកដទៃ ។ នៅមានច្រើនទៀតណាស់មិនអាចរៀបរាប់អស់បានទេ ហេីយនេះក៏គ្រាន់តែជាបទពិសោធន៏ចេញពីមណ្ឌលភ្លាមៗដែរ ខ្ញុំនឹងយកមេរៀនទាំងនេះមកអនុវត្តក្នុងជីវិតពិតហើយនឹង update អ្នកទាំងអស់គ្នាក្នុង video បន្ទាប់ពី1-2 អាទិត្យ » ។
បន្ទាប់ពីឃើញ ស្រីនា រៀបរាប់បែបនេះ អ្នកគាំទ្រជាច្រើនបានសរសើរពី ស្រីនា ដែលនៅក្មេងសោះចេះរើសផ្លូវព្រះធម៌សម្រាប់ខ្លួន ៕