ធ្លាប់ប្រកាសថាផ្អាកពីឆាកតន្រ្តីដើម្បីទុកពេលវេលាសម្រាកថែអារម្មណ៍ផ្លូវចិត្ត ស្រាប់តែថ្មីៗនេះ តារាចម្រៀងមេម៉ាយកូនមួយវ័យក្មេង ពេជ្រ សូលិកា ធ្វើឱ្យមហាជនចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីបានឡើងឆាកកាន់ក្បាលមេក្រូជាមួយនិងការសម្តែងដ៏អស្ចារ្យក្នុងកម្មវិធីជាច្រើន ។
កន្លងមក ពេជ្រ សូលិកា ធ្លាប់បានប្រកាសថា នាងនឹងផ្អាកពីការងារចម្រៀងរហូតដល់ដើមឆ្នាំ ២០២៥ ខាងមុខ បើទោះបីជាមានបណ្តាក្រុមហ៊ុនណាហៅនាងចូលរួមក្នុងកម្មវិធីណាក៏ដោយ ក៏នាងមិនទទួលដែរ ពីព្រោះនាងចង់ទុកពេលវេលាដើម្បីមើលថែខ្លួនឯង និងចង់រស់នៅដោយស្ងប់ស្ងាត់មួយរយៈពេលសិន ។
រំលងនេះការប្រកាសផ្អាកមិនទទួលការងារមិនបានមួយខែស្រួលបួលផង ស្រាប់តែថ្មីៗនេះ ពេជ្រ សូលិកា បានបង្ហាញពីគម្រោងការងារថ្មីៗរបស់ខ្លួនជាច្រើនឱ្យអ្នកគាំទ្របានដឹង ជាក់ស្តែងត្រឹមតែ ក្នុងខែ វិច្ឆិកានេះនាងទទួលការងារមិនតិចជាង ១០ កន្លែង ដែលអាចធ្វើឱ្យនាងទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ។
ពេជ្រ សូលិកា មិនដាច់ចិត្តចោលលុយម៉ឺនដុល្លារក្នុងមួយខែៗរបស់ខ្លួនឡើយ ដូច្នេះហើយទើបនាងសុខចិត្តទទួលការងារសិល្បៈឡើងវិញ ។ តាមប្រភពជិតស្និទ្ធជាមួយ ពេជ្រ សូលិកា បានបង្ហើបប្រាប់ថា ពេជ្រ សូលិកា ក៏ចង់សម្រាកដែរ តែដើម្បីលុយយកមកចិញ្ចឹម កូននិង គ្រួសារ នាងត្រូវប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក៏ព្រោះតែលុយដែរ នាងកាន់តែសប្បាយចិត្តនៅពេលដែលទទួលបានប្រាក់ចំណូលច្រើន ពីព្រោះរស់នៅជាស្រ្តីមេម៉ាយចិញ្ចឹមកូនមិនមែនជារឿងងាយស្រួលឡើយ ។
ទន្ទឹមនិងការវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញនេះ ពេជ្រ សូលិកា ក៏បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមគាំទ្រនាងឱ្យបានច្រើនឡើងវិញផង ពីព្រោះនាងមានស្នាដៃថ្មីៗជាច្រើនទៀតដើម្បីបង្ហាញមហាជន ៕