ស្របពេល MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » របស់ផលិតកម្ម Galaxy Navatra កំពុងផ្ទុះខ្លាំងពីមហាជន សម្តេចពុកបានចូលទៅខមមិនលើបទចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » ថា « សូមអរគុណកូន និពន្ធមានន័យល្អ » ។ គ្រាន់តែឃើញសម្តេចពុកខមមិនបែបនេះ ធ្វើឱ្យ លោក ខេមរៈ ភារុណ ដែលជាអ្នកនិពន្ធបទចម្រៀងនោះ មានអារម្មណ៍រំភើបជាខ្លាំង និងពោលពាក្យក្តុកក្តួចចិត្តថា ជាង ២០ ឆ្នាំមកនេះលោកបានតែងនិពន្ធបទចម្រៀងល្បីៗច្រើន ។
តាមរយៈសំណេររបស់លោក ខេមរៈ ភារុណ ដែលបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗនេះលោកបាននិយាយថា « ខ្ញុំបាទខេមរៈ ភារុណពិតជាមានសេចក្ដីរំភើបរីករាយណាស់ និងសូមក្រាបសំពះអរគុណដល់សម្ដេចពុកដែលសម្ដេចពុកបានcomment តបរូបខ្ញុំបាទ លោកបានសរសើរស្នាដៃនិពន្ធខ្ញុំបាទ ជាពិសេសបុណ្យចម្រៀងកន្លងមកដែលខ្ញុំបាននិពន្ធទំនុកច្រៀងនិងនិពន្ធបទភ្លេងជាច្រើនបទ អស់រយៈកាលជាងម្ភៃឆ្នាំមកនេះតាមរយៈបទល្បីៗជាច្រើនដូចជាបទ«ព្រះវិហារសាក្សីស្នេហ៍» «ស្ទឹងត្រែងបងអើយ» «លោកពុកសែនល្អ» និងបទជាច្រើនទៀតជាពិសេសខ្ញុំបាទចូលរូមនិពន្ធបទបើកការដ្ឋានព្រែកជីក«ព្រែកជីកហ្វូណនតេជោ» និងបទចម្រៀងថ្មីៗនេះ«កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ដែលហែរទៅកម្ពុជាក្រោមហើយរូបកូនបានធ្វើបទចម្រៀងច្រើនបទជូនសម្ដេចពុកម៉ែបានជាច្រើនបទដូចជា «ចន្ទតេជោសែន» «រាំវង់សន្តិភាព» «ឱកូនកម្សត់» «ភរិយាគំរូបងអើយ» «យុវជន២០មិថុនា» និងបទជាច្រើនទៀតសុទ្ធសឹងតែជាសាច់រឿងរបស់សម្តេចពុកនិងសម្តេចម៉ែជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងនាមកូនជាអ្នកនិពន្ធបទចម្រៀងដែលគោរពស្រលាញ់ពុកម៉ែរហូតមកសូមសម្តេចពុកម៉ែមានសុខភាពល្អជាម្លប់ត្រជាក់ដល់កូនចៅ កូនសូមក្រាបសំពះគោរពអរគុណសម្ដេចពុកម៉ែយ៉ាងជ្រាលជ្រៅបំផុតដ៏ខ្ពង់ខ្ពស់បំផុតអំពីកូន ខេមរៈ ភារុណ » ។
លោក ខេមរៈ ភារុណ គឺជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះមួយរូបដែលបានប្រលូកក្នុងវិស័យនិពន្ធបទចម្រៀងនេះអស់ពេលជាង ២០ ឆ្នាំមកហើយ ជាពិសេសបទចម្រៀងរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ល្បីៗជាច្រើន សុទ្ធសឹងតែជាស្នាដៃរបស់លោកទាំងអស់ ។ ឆាប់ៗខាងមុខនេះលោកត្រៀមនឹងបង្ហាញស្នាដៃថ្មីៗជាច្រើនបង្ហាញមហាជនក្នុងវិស័យចម្រៀង ៕