បន្ទាប់ពីបានសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្ត កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើប និងបង្ហើបថា ព្រឺសម្បុរខ្លាំង អំឡុងពេលសម្តែងនោះ។
ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរ ដែលជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា » បានធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។
ក្រោមក្រសែភ្នែកមហាជនយ៉ាងច្រើនកុះករ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសម្តែងជាតួអង្គ ព្រះបាទជ័យវរ្ម័នទី៧ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សម្ដែងជាតួអង្គ ព្រះនាងឥន្ទ្រទេវី ដែលជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ។ ក្បួនដង្ហែដ៏ធំនេះ ក៏មានការចូលរួមសំណាក់សិល្បករសិល្បការិនីប្រមាណជាង ៥០០នាក់ ទៀតផងដែរ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចាត់ទុក ជាមហាកិត្តិយសដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជ្រើសរើសឲ្យសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងបានរួមសម្ដែងជាមួយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈករខ្មែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ -ទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ។ លើសពីនោះក៏មានការតាំងពិព័រណ៍ម្ហូប សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង៕
អត្ថបទ៖ ពុទ្ធិកា