ជាទូទៅស្រ្តីកម្ពុជា ពេលសម្រាលកូនរួចតែងតែមើលថែសុខភាពខ្លួនជាប្រចាំ ដូចជា ការស្ពង់ នៅផ្ទះ ពាក់មួក ពាក់ស្រោមដៃ និងពាក់ជិតៗ និងកុំឱ្យត្រូវខ្យល់ជាដើម…ដោយឡែក តារាសិចស៊ី វ៉ាង ស្រីណូ ទើបតែសម្រាលកូនបានជាងមួយខែនាងដើរហើរគ្រប់កន្លែង និងមិនបានថែទាំសុខភាពរបស់នាងឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា សុខភាពនាងល្អពេញលេញ ។
ជួបជាមួយ វ៉ាង ស្រីណូ ផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះ នាងហាក់បីដូចជាស្រស់ស្រាយប្លែក បន្ទាប់ពីសម្រាលបានកូនស្រីដែលមានសុខភាពល្អ តាមបំណងប្រាថ្នាដែលខ្លួនចង់បាន ។
វ៉ាង ស្រីណូ បានឱ្យដឹងថា ពេលកនេះកូនស្រីរបស់នាងមានវ័យជាងមួយខែហើយ មានសុខភាពល្អធម្មតា នាងគឺជាគ្រាប់ពេជ្រនាំសំណាងដល់រូបនាងនិងក្រុមគ្រួសារ ។
ទន្ទឹមនិងការបង្ហាញពីកូនស្រីដ៏គួរឱ្យស្រឡាញ់ វ៉ាង ស្រីណូ ក៏បានប្រាប់ផងដែរថា នាងមិនបានថែទាំងសុខភាពដូចជាស្រ្តីដទៃទេ ជាក់ស្តែងតាំងពីវះកាត់សម្រាលកូនរួចមក នាងដើរចេញក្រៅ និងធ្វើការងារធម្មតា ដោយមិនបាននៅផ្ទះស្ពង់ ឬថែទាំស្បែកអីដូចគេទេ ពីព្រោះនាងគិតថា សុខភាពនាងល្អមួយរយភាគរយ មិនចាំបាច់ធ្វើរឿងទាំងអស់នោះទេ បន្ទាប់ពីនាងបានចេញពីមន្ទីរពេទ្យ ហើយនាងក៏មិនខ្លាចរឿងទាស់ដូចជាចាស់ៗបុរាណដែលមានជំនឿតកូនចៅមកដែរ ដោយសារនាងជឿជាក់លើសុខភាពខ្លួនក៏ដូចជាការថែទាំរបស់គ្រូពេទ្យ ។
វ៉ាង ស្រីណូ បានចំណាយពេលវេលាមើលថែទាំកូនស្រីជាទីស្រឡាញ់ដោយផ្ទាល់ដៃ ដើម្បីផ្តល់ភាពកក់ក្តៅដល់រូបគេ បើទោះបីជានាងសម្រាលកូនដោយគ្មានស្វាមីក្តី តែជីវិតរបស់នាងពោរពេញដោយសុភមង្គល ។ ឆាប់ៗខាងមុខនាងនឹងនាំកូនស្រីចេញទៅ សហរដ្ឋអាមេរិក ដើម្បីរស់នៅទីនោះផងដែរ ៕