ក្រោយលោក លាវ វ៉េងហួរ សុំកញ្ញា រឿន ណាត រៀបការនៅទឹកដីអង្គរមក មានពាក្យចចាមអារាមជាច្រើនថា អ្នកទាំងពីរសម្តែងដើម្បីទទួលបានចំណាប់អារម្មណ៍ប៉ុណ្ណោះ ទោះជាយ៉ាងនេះថ្មីៗនេះកញ្ញា រឿន ណាត និងលោក លាវ វ៉េងហួរ បានដឹកដៃគ្នាទៅហាងដើម្បីរើសធៀបការ បន្ទាប់ពីអ្នកទាំងពីរបានព្រមព្រៀងថានឹងរៀបការជាមួយគ្នានៅចុងឆ្នាំនេះ ។
កញ្ញា រឿន ណាត បានយល់ព្រមរៀបការជាមួយលោក លាវ វ៉េងហួរ ជាផ្លូវការ បន្ទាប់ពីតារាប្រុសរូបនេះបានផ្តល់ទំនុកចិត្ត និងសុំនាងរៀបការជាផ្លូវការនៅលើទឹកដីអង្គរ ព្រមទាំង សន្យាការពារបេះដូងនាងអស់មួយជីវិត ។ ដោយសារមើលឃើញនូវទង្វើល្អ ជាមួយនិងពាក្យសន្យាទាំងនោះ កញ្ញា រឿន ណាត ទុកចិត្តលើដៃគូរបស់ខ្លួនទាំងស្រុង ។
ថ្វីដ្បិតតែបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគ្នាក្តី កញ្ញា រឿន ណាត និងលោក លាវ វ៉េងហួរ នៅតែទទួលរងនូវពាក្យចចាមអារាមថា អ្នកទាំងពីរមិនទាន់រៀបការទេ អ្វីដែលអ្នកទាំងពីរធ្វើគ្រាន់តែសម្តែងប៉ុណ្ណោះ ។ ដើម្បីបញ្ចប់រឿងរ៉ាវខាងលើនេះ កញ្ញា រឿន ណាត បានបង្ហោះរូបភាព ព្រមទាំងសារច្បាស់ៗថា ត្រៀមឈុតឱ្យហើយណា See you….»។
កញ្ញា រឿន ណាត ថែមទាំងបាននិយាយថា នាងត្រៀមរៀបការឆាប់ៗនេះយ៉ាងពិតប្រាកដមែន ស្នេហាពួកយើងគឺជាស្នេហាពិត មិនមែនស្នេហាក្លែងក្លាយទេ ។ មិត្តភក្តិត្រៀមឈុតឱ្យហើយណា ។
មង្គលការរបស់កញ្ញា រឿន ណាត និងលោក លាវ វ៉េងហួរ នឹងរៀបចំឡើងនៅក្នុងខែធ្នូចុងឆ្នាំនេះ បន្ទាប់ពីអ្នកទាំងពីរសម្រេច គុណគូពេលវេលាល្អរួចរាល់ហើយ រងចាំតែថ្ងៃមកដល់ប៉ុណ្ណោះ ៕