ធ្លាប់តែជាតារាចម្រៀងជ្រកកោណក្រោមផលិតកម្មអស់ពេលជាង ២០ ឆ្នាំ ពេលនេះតារាចម្រៀង សុគន្ធ និសា សុំចេញធ្វើតារាចម្រៀងឯរាជ្យវិញម្តងដោយមិនជ្រកកោណក្រោមចំណុះផលិតកម្មណាទាំងអស់ ។ តើ សុគន្ធ និសា អាចអន្ទង់បេះដូងអ្នកគាំទ្របានប៉ុន្មានភាគរយដែរ ?
ទីបំផុតដំណឹងចាកចេញពីផលិតកម្ម រស្មីហង្សមាស របស់តារាចម្រៀង សុគន្ធ និសា គឺជាការពិតហើយ បន្ទាប់ពីនាងបានបង្ហោះរូបភាព អមជាមួយនិងអត្ថន័យនៃបទចម្រៀងថ្មី ក្នុងនាមជាតារាចម្រៀងឯករាជ្យ ។
សុគន្ធ និសា បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ពេលខ្ញុំដួល គ្មានសូម្បីតែមនុស្សម្នាក់ឱ្យខ្ញុំផ្អែកស្មា ពេលនេះទើបខ្ញុំដឹងថា អ្នកណាបោះបង់យើងមិនសំខាន់ សំខាន់មិនបោះបង់ខ្លួនឯង » ។
សារនេះគឺ សុគន្ធ និសា ចង់បញ្ជាក់ពីបទចម្រៀងថ្មីរបស់ខ្លួនដែលត្រៀមនឹងចេញនៅដើមខែវិច្ឆិកា ខាងមុខនេះហើយ ។
គួររំលឹកផងដែរថា តារាចម្រៀង សុគន្ធ និសា បានស្ងាត់មួយរយៈ បន្ទាប់ពីមានព័ត៌មានថា នាងត្រៀមខ្លួនចាកចេញពីផលិតកម្មចាស់ រហូតនាងគ្មានបទចម្រៀងថ្មីដើម្បីបង្ហាញអ្នកគាំទ្រឡើយ ដោយឡែកចាប់ពីពេលនេះតទៅនាងឈប់ជ្រកកោណក្នុងផលិតកម្មណាទៀតហើយ នាងត្រៀមនឹងបង្ហាញបទចម្រៀងថ្មីៗដោយខ្លូនឯងក្នុងនាមជាតារាចម្រៀងឯករាជ្យ ។តាមរយៈការត្រៀមខ្លួនចេញនូវបទចម្រៀងថ្មីក្នុងនាមជាតារាចម្រៀងឯករាជ្យ នេះ តើ សុគន្ធ និសា អាចទាក់ប្រជាប្រិយភាពបានប៉ុន្មានភាគរយដែរ ។ ចំពោះរឿងនេះគ្មាននរណាដឹងច្បាស់ទេ មានតែរងចាំតាមដានទស្សនាទាំងអស់គ្នា ។
សុគន្ធ និសា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្វាមីក្នុងការធ្វើជាតារាចម្រៀងឯករាជ្យ បើទោះបីជាពេលនេះនាងបរាជ័យក្នុងការយកកូនជាច្រើនលើក តែនាងសប្បាយចិត្តនិងការងារថ្មីនេះ ៕