ច្បាស់ការហើយពិធីមង្គលការពិធីការិនីនិងតារាចម្រៀងសប្បុរស្រអែម សុភ័ក្រ្ត កុសុម៉ា នឹងរៀបចំយ៉ាងធំដុំមុនពិធីបុណ្យអ៊ុំទូកមកដល់ ។ ពេលនេះនាងកំពុងមហាញឹកខ្លាំងក្នុងការរៀបចំពិធី និងដើរចែកធៀបការដល់មិត្តភក្តិ ។ សុភ័ក្រ្ត កុសុម៉ា ក៏បានទម្លាយនូវការពិតមួយដែលបានធ្វើឱ្យនាងសម្រេចចិត្តរៀបការជាមួយគូស្នេហ៍ដោយមិនចង់អូសបន្លាយពេលវេលាតទៅមុខទៀត ។
« គាត់និយាយគាត់ធ្វើ » គឺជាពាក្យមួយឃ្លាដែលធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា កាន់តែស្រឡាញ់ និងពេញចិត្តខ្លាំងលើគូដណ្តឹងរបស់ខ្លួន រហូតសម្រេចចិត្តរៀបការ និងសាងសុភមង្គលជាមួយគ្នា ។ លើសពីនេះទៅទៀតគូស្នេហ៍នាងគឺមនុស្សម្នាក់មិនចេះនិយាយច្រើន ត្រូវចិត្តនាងតែម្តង ។
កញ្ញា សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍បន្ទាប់ពីនាងបានថតរូប Pre Wedding នៅលើទឹកដីខេត្ត សៀមរាប ដោយនាងបានជ្រើសរើសការតុបតែងខ្លួនតាមទម្រង់ល្ខោនបាសាក់ ។ ទស្សនិកជនជាច្រើនចង់ដឹងថា តើមង្គលការរបស់តារាចម្រៀង និងពិធីការិនីសប្បុរស្រអែម រូបនេះនឹងរៀបចំឡើងនៅពេលណា ?
មកទល់ពេលនេះ សុភ័ក្រ្ត កុសុម៉ា នៅតែមិនទាន់បង្ហាញពីពេលវាច្បាស់លាស់ក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួន បើទោះបីជាពេលនេះធៀបការ និងពេលវេលាបានកំណត់រួចទៅហើយក្តី ។ ជួបជាមួយ សុភ័ក្រ្ត កុសុម៉ា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា មង្គលការរបស់នាងនឹងរៀបចំឡើងនៅមុនពិធីបុណ្យអ៊ុំទូក តែនាងសុំលាក់ថ្ងៃសិន ចំណែកទីតាំងគឺនាងជ្រើសរើសអគា OCIC ជ្រោយចង្វា ។
តាំងពីត្រៀមខ្លួនធ្វើជាកូនក្រមុំមក កញ្ញា សុភ័ក្រ្ត កុសុម៉ា កាន់តែស្រស់ស្រាយ នាងថែមទាំងបាននិយាយថា ធម្មតាអ្នកមានស្នេហាអ្វីៗពណ៌ស៊ីជម្ពូទាំងអស់ ។ បន្ទាប់ពីរៀបការរួចអនាគតស្វាមី សុភ័ក្រ្ត កុសុម៉ា នឹងឈប់រស់នៅខេត្ត សៀមរាប ដើម្បីមករស់នៅទីក្រុងភ្នំពេញជាមួយនាងសាងគ្រួសារដ៏កក់ក្តៅ ៕