ពិតជារឿងភ្ញាក់ផ្អើលខ្លាំងនៅសុខៗស្រាប់តែស្ថាប័ន Miss Grand International ប្រកាសដកសិទ្ធ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងប្រមូលបេក្ខភាពទាំង ៧៤ ប្រទេស ឡើងរថយន្តក្រុងចេញទៅប្រទេស ថៃ យ៉ាងតក់ក្រហល រហូតធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញាឆ្នាំនេះ ។ ស្របពេលដែល កម្ពុជា ត្រូវបានដកសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International 2024 ដោយសារបញ្ហាមួយចំនួន កញ្ញា ប៊ី សុធារី ដែលជាបេក្ខភាពតំណាង កម្ពុជា ចូលរួមក្នុងកម្មវិធីនេះ បានប្រកាសថាមិនទៅចូលរួមប្រកួតនៅប្រទេស ថៃ ឡើយ ។
ការប្រកាសដកសិទ្ធនេះបានមហាជនមានការសោកស្តាយ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដូចមហាជនបានដឹងស្រាប់ហើយថា កម្ពុជា បានទិញសិទ្ធក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតMiss Grand International ឆ្នាំនេះ ដោយមានវគ្គសំខាន់ៗចំនួន ៣ និងវគ្គចុងក្រោយគឺចេញទៅប្រកួតនៅប្រទេស ថៃ ។ យោងតាមការប្រកាសរបស់ផេក Miss Grand International បានបញ្ជាក់ថា « ខ្លួនមានការសោកស្តាយនិងជូនដំណឹងថា ប្រទេស កម្ពុជា លែងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International ហើយ ដោយសារម្ចាស់ផ្ទះមិនអាចបំពេញតម្រូវការដូចដែលមានចែងក្នុងកិច្ចសន្យា ក្នុងការព្រមព្រៀងធ្វើជាម្ចាស់ផ្ទះ ដោយមិនអាចផ្តល់សេវាកម្មដែលស្របតាមស្តង់ដាររបស់ស្ថាប័ន Miss Grand Internationalបាន » ។
បន្ទាប់ពីឃើញស្ថាប័ន Miss Grand International ប្រកាសបែបនេះ ស្រាប់តែស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បានប្រតិកម្មភ្លាមៗថា ថ្វីដ្បិតតែលោកស្រីនៅជាប់កុងត្រាជាមួយ Miss Grand International ១ ឆ្នាំទៀតក្តី ក្រោយពីមានរឿងដកសិទ្ធបែបនេះកើតឡើង លោកស្រីនឹងបញ្ចប់ការងារនេះចោលតែម្តង បន្ទាប់ពីខាងក្រុមការងាររបស់លោកស្រីត្រូវស្ថាប័ន Miss Grand International មើលងាយ និងរករឿងខុសទំនង ។
ក្រឡេកមកមើលកញ្ញា ប៊ី សុធារី ដែលជាបេក្ខភាពតំណាង កម្ពុជា ដើម្បីចូលរួមប្រកួត Miss Grand International 2024 នេះវិញក៏មិននៅស្ងៀមដែរ នាងថែមទាំងបានប្រកាសថា មិនទៅចូលរួមប្រកួត Miss Grand International នៅប្រទេស ថៃ ឡើយ បើទោះបីជានាងមានការអាឡោះអាល័យមិត្តភក្តិដែលជាបេក្ខភាពមកពីបណ្តាប្រទេស ៧៤ ជុំវិញពិភពលោកក្តី តែដើម្បីជាតិនាងត្រូវតែធ្វើបែបនេះ ។
ចំណែកអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនបានសម្តែងនូវការសោកស្តាយ និង ហួសចិត្តជាខ្លាំង មិនគួរណាមានរឿងបែបនេះកើតឡើងឡើយ ។ រីឯស្ថាប័ន Miss Grand Cambodia ក៏ត្រៀមនឹងធ្វើសន្នីសីទសារព័ត៌មានដើម្បីបញ្ជាក់ច្បាស់អំពីរឿងនេះក្នុងពេលឆាប់ៗនេះ ៕