ស្ងាត់ពីការងារសិល្បៈមួយរយៈពេលធំ តារាសម្តែង សាឡាត់ ស្រីឡាង ស្រាប់តែធ្លាក់ខ្លួនត្រូវស្រ្តីម្នាក់ផុសទារលុយត្រឹមតែ ២០០ដុល្លារយ៉ាងអាម៉ាសមុខបំផុត ទោះបីជា សាឡាត់ ស្រីឡាង បានសងលុយទៅស្រ្តីម្នាក់នោះរួចក្តី ប៉ុន្តែមហាជននៅតែហួសចិត្តនឹកស្មានមិនដល់នៅពេលដែលដឹងថា សាឡាត់ ស្រីឡាង ជំពាក់លុយគេត្រឹមតែ២០០ដុល្លារ ។
កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ស្រ្តីម្នាក់ឈ្មោះ លី ចាន់វត្តី បានបង្ហោះហ្វេសប៊ុកទារលុយតារាសម្តែង សាឡាត់ ស្រីឡាង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន សូម្បីតែមិត្តសិល្បករដែលស្គាល់គ្នាជាមួយនាងក៏ស្ទើរតែមិនជឿថា សាឡាត់ ស្រីឡាង ធ្លាក់ខ្លួនដល់ថ្នាក់នេះដែរ ។
ទន្ទឹមនិងការប្រកាសទារលុយបែបនេះ សាឡាត់ ស្រីឡាង ក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍នៅក្នុងចិត្តរបស់ខ្លួនថា « បញ្ហាអ្នកណាក៏មាន រឿងខ្លះនិយាយបាន រឿងខ្លះទៀតគឺមិនអាចហារួច ។ បើនិយាយពីអារម្មណ៍វិញវាប៉ះកម្រិតធ្ងន់ហើយដែលឈឺបំផុតនោះ មិនបានជួយគ្នាហើយមកជាន់ថែមទៀត បើខ្ញុំមនុស្សមានទុក្ខមិនបានជួយក៏មានតែលើកទឹកចិត្តហើយសួរនាំ តែដល់ជួបខ្លូនឯងវិញទើបដឹងខ្មោចអត់គួរឱ្យខ្លាចដូចមនុស្សទេ » ។
សាឡាត់ ស្រីឡាង ធ្លាប់ជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបក្នុងវិស័យសិល្បៈ ក្រោយពីប្រទះរឿងអាស្រូវស្នេហា នាងក៏បានផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ ដោយងាកមកចាប់អាជីពរកស៊ី និងធ្វើជាអ្នកបង្កើតមាតិកាវិញ ។
ពេលនេះ សាឡាត់ ស្រីឡាង កំពុងក្រពុលមុខជាខ្លាំង ទោះបីជានាងបានបាញ់លុយសងទៅស្រ្តីនោះរួចហើយក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានបាត់បង់ដោយសារតែលុយ ២០០ដុល្លារនោះ ។ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ថា សាឡាត់ ស្រីឡាង ដែលធ្លាប់ជាតារាសម្តែង និងហាយសូរ បែរជាទៅជាជំពាក់លុយគេត្រឹមតែ ២០០ ដុល្លារទៅវិញ ៕