ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន និងសមាគមសិល្បករខ្មែរ បានសហការរៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីមួយជូនដល់សិល្បករសិល្បការិនីនៅក្នុងសមាគម ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនកាលព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការសមាគមសិល្បករខ្មែរ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងតំណាងមកពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលខ្លីនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនីជុំវិញឥទ្ធិពលដ៏អាក្រក់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា»។
លោកជំទាវអ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «ដើម្បីជំរុញឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែសិល្បកររបស់យើងមានការយល់ដឹងឱ្យបានច្បាស់់លាស់ជាមុនសិន ។ កាលណាពួកគាត់យល់កាន់តែច្បាស់ពីគ្រឿងញៀន នោះសារអប់រំរបស់ពួកគាត់ទៅកាន់មហាជននឹងកាន់តែមានឥទ្ធិពល»។
គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន និងសមាគមសិល្បករខ្មែរ នឹងមានរៀបចំកម្មវិធីបណ្តុះបណ្តាលធំៗបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញឱ្យសិល្បករសិល្បការិនីមានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ធានាដល់ការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕