បិណ្ឌ ១ សុវត្ថិឌី ធារិកា ឆ្លៀតនាំស្វាមីទៅវត្តមុនថត MV ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

រដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ តារាចម្រៀងស្រី សុវត្ថិឌី ធារិកា ក៏មិនបង្អង់យូរ ដោយក្នុងថ្ងៃបិណ្ឌ ១ នេះ នាងបានបានរូតរះធ្វើចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃនឹងឧទ្ទិលកុសលដល់ឪពុកម្តាយខ្លួនដែលបានលាចាកលោក ។

រៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ សុវត្ថិឌី ធារិកា តែងតែទៅវត្តពុំដែលខាន បើទោះបីជានាងមមាញឹកនៅក្នុងការងារក្តី ។ សម្រាប់បិណ្ឌ១នេះនាងបានបណ្តើរគ្នាជាមួយស្វាមីទៅវត្ត មុនថត MV ចម្រៀងសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនៅក្នុងផលិតកម្មថោន ។ 

តារាចម្រៀង សុវត្ថិឌី ធារិកា បានប្រាប់ថា សម្រាប់រដូវភ្ជុំឆ្នាំនេះនាងនឹងឆ្លៀតទៅវត្តឱ្យបានច្រើនបំផុតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ។ នៅពេលដល់រដូវបុណ្យភ្ជុំបិណ្ឌនាងពិតជាមានអារម្មណ៍នឹកស្រណោះអ្នកមានគុណទាំងពីរខ្លាំងណាស់ ។

ចាប់តាំងពីក្លាយជាកូនកំព្រាត្រូវឪពុកម្តាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរមក តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវប្រឹងងើបឈរដោយខ្លួនឯង នាងតស៊ូពុះពារគ្រប់ឧបសគ្គទម្រាំបានផ្លូវចិត្តរឹងមាំត្រឡប់មកវិញ ជាពិសេសតាំងពីនាងរៀបការមានស្វាមីមក កាន់តែធ្វើឱ្យនាងរឹងមាំឡើង ។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីតារាចម្រៀង សុវត្ថិឌី ធារិកា បានប្រាប់ថា នាងជានារីខ្មែរដែលស្រឡាញ់សម្លៀកបំពាក់ប្រពៃណីបំផុត ដោយសារឈុតសម្លៀកបំពាក់ទាំងនេះគឺបង្ហាញពីសម្រស់ និងចរិតរបស់ស្រ្តី ខ្មែរ ម្យ៉ាងវិញទៀតឈុតនេះស្រស់ស្អាតនៅពេលដែលចូលរួមពិធីបុណ្យផ្សេងៗ….៕