ទន្ទឹមនិងការចេញបទចម្រៀងរ៉េបថ្មីរបស់ខ្លួន កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្ហាញនូវការពិតមួយថា កាលពីជាង ២០ ឆ្នាំមុន លោកច្រៀងបានត្រឹមតែ ៣ ដុល្លារប៉ុណ្ណោះ ។ គ្រាន់តែឃើញតារាចម្រៀងរូបនេះបង្ហាញការពិតបែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងបើកភ្នែកធំៗគ្រប់ៗគ្នា ។
កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រលូកក្នុងអាជីពចម្រៀងអស់ពេលច្រើនឆ្នាំមកហើយ ដោយលោកបានតស៊ូយ៉ាងលំបាកទំរាំអាចឈរជើងបានរឹងមាំដូចសព្វថ្ងៃនេះ មិនថាគេហៅច្រៀងតាមខេត្តក្រុងជិតឆ្ងាយយ៉ាងណាលោកមិនដែលត្អូញត្អែរឡើយ ។ ដោយឡែកកាលពីថ្ងៃទី ១២ ខែ កញ្ញា កន្លងមកនេះ តារាចម្រៀងរូបនេះ បានបង្ហោះសារនៅលើ ហ្វេសប៊ុករបស់ខ្លួន ថា « ជាង ២០ ឆ្នាំមុនច្រៀងបានតែ ៣ ដុល្លារ នេះជាការពិត គឺមិនអាចបំភ្លៃបាន » ។
សារដ៏ចាក់ដោតមួយនេះបានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ពីព្រោះពួកគេមិនដែលដឹងឡើយថា ជាង ២០ ឆ្នាំមុន តារាចម្រៀង ខេមរៈ សិរីមន្ត ច្រៀងម្តងបានត្រឹមតែ ៣ ដុល្លារ ។ ទស្សនិកជនជាច្រើនបានសរសើរពីការតស៊ូរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បន្ទាប់ពីឃើញលោកបង្ហោះសារដ៏ចាក់ដោតមួយនេះ ។
កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនទៀតដើម្បីបំពេរអារម្មណ៍ទស្សនិកជន មានទាំងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងបទចម្រៀងរ៉េបជាដើម ជាក់ស្តែងក្នុងបទចម្រៀងថ្មីដែលលោកច្រៀងរៀបរាប់កាលពីជាង ២០ ឆ្នាំមុនបានត្រឹមតែ ៣ ដុល្លារនោះ ត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះកុំភ្លេចរងចាំទស្សនាស្នាដៃថ្មីរបស់ Idol យើងទាំងអស់គ្នា ៕