លោក ប៉ែន ចំរុង បើកបង្ហាញពីជីវិត ២២ ឆ្នាំក្នុងសិល្បៈត្រូវគេក្តិចត្រូយរលួយដល់គល់ និង ប៉ងសម្លាប់ខ្លួនឯងពេលជួបរឿងអាស្រូវធំក្នុងជីវិត !

នៅក្នុងថ្ងៃខួប ២២ ឆ្នាំនៃការចូលសិល្បៈរបស់ពិធីកររូបសង្ហាលោក ប៉ែន ចំរុងកាលពីពេលថ្មីៗនេះ លោកបានបង្ហាញពីជីវិតយ៉ាងជូរចត់ ដែលត្រូវគេជាន់ពន្លិច ក្តិចត្រួយរលួយដល់គល់ មិនឱ្យរស់បាន រហូតលោកបានប៉ុនប៉ងសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតផងដែរ ពេលវេលាទាំងអស់នោះលោកពិតជាចាំមិនភ្លេច ប៉ុន្តែសំណាងល្អលោកទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួន ក៏ដូចជាភរិយាជាទីស្រឡាញ់ដែលបានជួយឱ្យលោកមានជីវិតដល់សព្វថ្ងៃនេះ ។

 ពិធីករលោក ប៉ែន ចំរុង បានរៀបចំកម្មវិធីពិសេសរបស់ខ្លួនយ៉ាងធំដុំ កាលពីប៉០៩ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ក្នុងថ្ងៃពិសេសនេះលោក ប៉ែន ចំរុង បានរៀបចំកម្មវិធីចំនួន ៣ ក្នុងពេលតែមួយ ដើម្បីរំលឹកជីវិតតស៊ូក្នុងសិល្បៈ ២២ ឆ្នាំរបស់ខ្លួនផង ដើម្បីធ្វើខួបកំណើតដល់កូនស្រីទាំង២ផង ជាពិសេសគឺបង្ហាញពីការដឹងគុណព្រមទាំងបង្ហាញពីអាជីវកម្មថ្មីរបស់ខ្លួនដែលទើបនិងចាប់ផ្តើម ។

២២ ឆ្នាំនៃការឈានជើងក្នុងសិល្បៈរបស់លោក ប៉ែន ចំរុង គឺលោកបានជួបនូវរឿងជូរចត់ជាច្រើន ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបានក្នុងជីវិត ជាពិសេសនៅពេលដែលលោកមានបញ្ហាកាលពីប៉ុន្មានឆ្នាំមុន លោកស្ទើរតែសម្លាប់ខ្លួនចាក់ចោលគ្រួសារទៅហើយ ដោយសារតែត្រូវបានគេក្តិចត្រួយរលួយដល់គល់ បិទផ្លូវលោកគ្រប់បែប យ៉ាង និងមិនចង់ឱ្យលោកមានជីវិតរស់ ប៉ុន្តែដោយសារទទួលបានការជួយជ្រោមជ្រែងពីក្រុមគ្រួសារ មិត្តភក្តិ និង ភរិយាជាទីស្រឡាញ់របស់ខ្លួន លោកក៏ចាប់ផ្តើ់មសាងជីវិតថ្មី និងធ្វើឱ្យអ្នកដែលមើលងាយលោកឃើញថា លោកអាចរស់បានយ៉ាងមានក្តីសុខ ។ 

អាចនិយាយបានថា ឆ្នាំនេះលោក ប៉ែន ចំរុង មានយីអ៊ុនល្អណាស់ ក្រៅពីទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារបន្ថែមប៉ុណ្ណោះទេ លោក ថែមទាំងបានពង្រើកអាជីវកម្មជាច្រើនបន្ថែមទៀត ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដ៏តូចរបស់ខ្លួន ជាក់ស្តែងលោកបានបើកក្រុមហ៊ុន 4U Media និងចំរុង Entertainment ផ្តល់នូវសេវាកម្មរៀបចំការប្រគំតន្រ្តីខ្នាតតូចនិងខ្នាតធំទៅតាមការពេញចិត្តរបស់អតិថិជន ។ លោកសង្ឃឹមថាការងាររកស៊ីថ្មីនេះនឹងទទួលបានជោគជ័យ ដើម្បីជាក្តីសង្ឃឹមសម្រាប់លោក និងគ្រុមគ្រួសារ ៕