កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញពីព្រឹត្តិការណ៍ Pre Gumball 3000ឆ្លៀតទៅរំលឹកអនុស្សាវរីយ៍កាលពីកុមារនិងផ្តាំផ្ញើឱ្យក្មួយៗប្រឹងប្រែងរៀនសូត្រ 

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏មានវត្តមានៅក្នុងព្រឹត្តិការណ៍ Pre Gumball 3000នៅលើទឹកដីខេត្ត សៀមរាប ផងដែរកាលពីប៉ុន្មានថ្ងៃមុនរួមជាមួយរថយន្តទំនើបរបស់ខ្លួន ។ បន្ទាប់ពីចប់កម្មវិធី លោក ខេមរៈ សិរីមន្ត ក៏បានឆ្លៀតទៅរំលឹកអនុស្សាវរីយ៍ចាស់នៅក្នុងសាលាបឋមសិក្សាដែលខ្លួនធ្លាប់បានសិក្សាកាលពីកុមារភាព ឆ្លៀតពេលជាមួយគ្នានោះលោកបានក៏ផ្តាំផ្ញើទៅកាន់ប្អូនៗ និង ក្មួយៗឱ្យប្រឹងប្រែងរៀនសូត្រ ។ 

តាមរយៈវិដេអូខ្លីជាងមួយនាទីដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះនៅព្រឹកមិញនេះ លោកបានរៀបរាប់ថា « មកលេងសាលាបឋមសិក្សាដែលខ្ញុំធ្លាប់រៀនពីកុមារ ស្រណោះណាស់ រៀបចេញមកវិញខ្ញុំបាទ បានឆ្លៀតប្រាប់ប្អូនៗទាំងអស់គ្នា ឱ្យខំរៀន ពេលធំឡើងធ្វើកិច្ចការធំ ដើម្បីប្រទេសជាតិខ្លួនឯង និងគ្រួសារ ។ ពួកគាត់បានសន្យាថា នឹងខំប្រឹងប្រែងធ្វើឱ្យបាន អរគុណប្អូនៗ ក្មួយៗ ទាំងអស់ I Love You all » ។ 

មើលទៅប្អូនៗដែលបានជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពួកគេពិតជារំភើបចិត្តណាស់ ខ្លះសុំចាប់ដៃ ខ្លះសុំអោប ខ្លះថតរូប នេះបង្ហាញឱ្យឃើញថាកេរ្តិ៍ឈ្មោះ លោក ខេមរៈ សិរិមន្ត ខ្លាំងមិនធម្មតាទេ ។ 

នៅក្នុងព្រឹត្តិការណ៍ Pre Gumball 3000 កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែលេចធ្លោខ្លាំងជាមួយ និងរថយន្តទំនើបរបស់ខ្លួនប៉ុណ្ណោះទេ លោកថែមទាំងបានលេងម៉ូដសក់ថ្មី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ 

Gumball 3000 Rally In Cambodia ជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តលំដាប់ពិភពលោកដែលបានមកដល់ កម្ពុជា ដំបូងបង្អស់ ដោយទទួលបានការអនុញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដោយក្នុងព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងើកស្ទួយកិត្យានុភាពជាតិ ក្នុងវិស័យទេសចរណ៍ កម្ពុជា ទៅកាន់ពិភពលោក ។ ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នឹងប្រព្រឹត្តិទៅជាផ្លូវការរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៤ ។ ដោយឡែក នៅព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៤ នៅបរិវេណព្រលានយន្តហោះខេត្តសៀមរាប ។ សម្រាប់ថ្ងៃទី ១៥ ខែ កញ្ញា ប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីទីក្រុង ហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ទឹកដីប្រទេស កម្ពុជា តាមច្រកព្រំដែរអន្តរជាតិ បាវិត ខេត្ត ស្វាយរៀង ឆ្ពោះមកកាន់ទីក្រុង ភ្នំពេញ ។ នៅថ្ងៃទី ១៦ ប្រតិភូ Gumball 3000 នឹងធ្វើដំណើរពី ភ្នំពេញទៅកាន់ខេត្ត សៀមរាបជាមួយ រថយន្តប្រមាណ ១៥០ គ្រឿង ក្នុងនោះរថយន្តមហាជនចូលរួមគាំទ្រប្រមាណ ២៥០ គ្រឿង ។ សម្រាប់ថ្ងៃទី១៧ ខែ កញ្ញា វិញ និងមានការតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក Sport Car , Super Car , Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Record មុខប្រាសាទអង្គវត្ត ។

កំពូលតារាចម្រៀងលោក​ ខេមរៈ សិរីមន្ត បានត្រៀមខ្លួនរាល់ហើយសម្រាប់ចូលរួមព្រឹត្តិការណ៍ធំំប្រចាំឆ្នាំនេះ ជាពិសេសលោកក៏ត្រៀមនឹងសម្តែងជូនបងប្អូនទស្សនាកម្សាន្តផងដែរ ដូច្នេះសម្រាប់ទស្សនិកជនដែលចង់ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ផ្ទាល់កុំភ្លេចជួបគ្នានៅលើទឹកដីខេត្ត សៀមរាប ៕