ត្រៀមខ្លួនចេញទៅដណ្តើមមកុដលើឆាកអន្តរជាតិ កញ្ញា ឡូយ ច័ន្ទរស្មី Miss Cambodia 2024 បង្ហាញពីជំហ និងការដណ្តើមមកុដ ! 

ស្របពេលដែលក្លាយទៅជាម្ចាស់មកុដ Miss Cambodia 2024 កញ្ញា ឡូយ ច័ន្ទរស្មី បានបង្ហើបប្រាប់ចំណុចសំខាន់ៗមួយចំនួន ដែលធ្វើឱ្យនាងទទួលបានមកុដនៅក្នុងក្តីស្រមៃ ។ ជាមួយនិងការត្រៀមខ្លួនចេញទៅប្រកួតនៅ​លើ​ឆាកអន្តរជាតិនៅចុងខែវិច្ឆិកាខាងមុខ កញ្ញា ឡូយ ច័ន្ទរស្មី ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងប្រឹងពង្រឹងសមត្ថភាពខ្លួនបន្ថែម ។ 

កញ្ញា ឡូយ ច័ន្ទរស្មី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានសមត្ថភាព និងភាពឆ្លាត​វៃមកជាមួយផងដែរ ។ ជួបជាមួយនាងកាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់ថា មានចំណុចសំខាន់ធំៗចំនួន ៣ ដែលធ្វើឱ្យនាងក្លាយទៅជាម្ចាស់មកុដ Miss Cambodia 2024 នេះបាន ជាក់ស្តែងនៅពេលដែលចាប់ផ្តើមដាក់ពាក់ចូលរួមប្រកួត នាងបានសិក្សាស្វែងយល់ពីការប្រកួតនេះ ថាកម្មវិធីគេត្រូវការអ្វី ? បន្ទាប់មកនាងក៏បានចាប់ផ្តើមវិឌ្ឍន៍ខ្លួនតាមអ្វីដែលកម្មវិធីត្រូវការ ទាំងការប្រតិបត្តិខ្លួន និងសមត្ថភាពនៃការសិក្សា និងចុងក្រោយគឺនាងមានការជឿជាក់ខ្លាំងលើខ្លួនឯងខ្ពស់ ដោយនាងអាចនិយាយបានរហូតដល់ទៅ ៤ ភាសា ដូចជាភាសា ខ្មែរ អង់គ្លេស ឥណ្ឌូណេស៊ី និង ភាសា ចិន ជាដើម…។ ពេលនេះនាងកំពុងសិក្សាបន្ថែមផ្នែកភាសា ជប៉ុន ដើម្បីត្រៀមខ្លួនទៅចូលរួមប្រកួតនៅទីនោះផងដែរ ។ 

ជាមួយនិងការគ្រងមកុដនេះលោកឧកញ៉ា ជិន សំណាង ក៏បានប្រគល់រថយន្តមួយគ្រឿងដល់ម្ចាស់ជ័យលោភី Miss Cambodia 2024 ទៅតាមការសន្យា ។ កញ្ញា ឡូយ ច័ន្ទរស្មី ពិតជារំភើបចិត្តខ្លាំងណាស់នូវជោគជ័យធំរបស់ខ្លួន ក៏ដូចជាទទួលបានកាដូរថយន្តយ៉ាងស្រស់ស្អាតមួយនេះ ។ 

កញ្ញា ឡូយ ច័ន្ទរស្មី បានតាំងចិត្ត និងបេ្តជ្ញាចិត្តថា នាងនឹងខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ នាងរំពឹងថា អាចនឹងនាំ កម្ពុជា ទៅបំបែកកំណត់ត្រា ចូល Top ចុងក្រោយនៃការប្រកួត Miss International 2024 ដែលនឹងរៀបចំឡើងនៅចុងខែវិច្ឆិកា ខាងមុខនៅប្រទេស ជប៉ុន ។

ក្នុងចន្លោះពេលនេះកញ្ញា ឡូយ ច័ន្ទរស្មី កំពុងប្រឹងប្រែងហ្វឹតហាត់ ពង្រឹងសមត្ថភាពបន្ថែម ដើម្បីចេញទៅដណ្តើមមកុដនៅលើឆាកអន្តរជាតិ ៕