ព្រីន ត្រៀមបញ្ចេញស្នាដៃធំៗក្រោយជះលុយផ្ទាល់ខ្លួនធ្វើបទចម្រៀង Remix និងតារាចម្រៀង ម៉េង កែវពេជ្ជតា ក្នុងគោលដៅមួយនេះ !

បន្ទាប់ពីល្បីល្បាញក្នុងការធ្វើបទចម្រៀង Remix ដែលមានចំណងជើងថា « ពេលណាបងមករកអូន» រួមជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា មក តារាចម្រៀង ព្រីន ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗទៀត ក្នុងគោលដៅធំមួយនេះ ។

មកទល់ពេលនេះបទចម្រៀង Remix « ពេលណាបងមករកអូន » របស់លោក ព្រីន និង អ្នកនាង ម៉េង កែវ​ពេជ្ជតា នៅតែពេញនិយមស្តាប់ពីសំណាក់ទស្សនិកជន រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យលោក ព្រីន និង អ្នកនាង ម៉េង កែវពេជ្ជតា បន្តចាប់ដៃគ្នាធ្វើបទចម្រៀងបែបនេះជាបន្តបន្ទាប់ ។

តាំងពីលោក ព្រីន សម្រេចចិត្តផ្អាកពីអាជីពសម្តែងមក កាន់តែធ្វើឱ្យលោកឡើងកូដខ្លាំងក្នុងវិស័យចម្រៀង ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ នេះលោក ព្រីន បានជះលុយផ្ទាល់ខ្លួនមិនតិចទេដើម្បីផលិតចម្រៀងថ្មីៗឡើង រហូតផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ដូចជាបទចម្រៀង Remix « ពេលណាបងមករកអូន » ជាដើម…។ 

តាមពិតក្នុងបទចម្រៀងនេះ តារាចម្រៀងរូបសង្ហា ព្រីន បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីធ្វើ​បទ​ចម្រៀង​Remix​នេះឡើង ក្នុងគោលបំណងធំតែមួយគត់គឺដើម្បីលើកស្ទួយតារាចម្រៀងជំនាន់ដើម ទោះបីជាត្រូវចេញលុយខ្លួនឯងផលិត តែលោកសប្បាយចិត្ត ។ ម្យ៉ាងវិញទៀតលោកធ្វើបទចម្រៀងទាំងនោះ មិនប្រាថ្នាចង់បាន View អីខ្លាំងក្លានោះទេ តែជាក្តីស្រឡាញ់ ការពេញចិត្ត និងការចូលចិត្ត ទើបលោកធ្វើនេះ រឿងលុយចាំរកបន្ថែមនៅពេលក្រោយៗទៀត ។ 

លោក ព្រីន រំពឹងថា រាល់ស្នាដៃរបស់ខ្លួនដែលបានផលិតឡើង គឺទទួលបានស្រឡាញ់ និងការពេញចិត្តពីមហាជន មិនថាតិចក្តី ច្រើនក្តី គឺលោកនៅតែតស៊ូធ្វើតទៅមុខទៀត ។ នៅក្នុងឆ្នាំ ២០២៤ នេះ លោកមានបំណងនឹងធ្វើ​បទចម្រៀងយ៉ាងតិច ១០ បទ ជាពិសេសនៅពេលឆាប់ៗខាងមុខនេះលោកត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនបទបន្ថែមទៀត ដើម្បីបង្ហាញទស្សនិកជន ស្តាប់កម្សាន្តអារម្មណ៍ ។ 

សម្រាប់រឿងរៀបការមានគូស្រករវិញ លោក ព្រីន នៅតែអះអាងថា មិនទាន់មានដៃគូជីវិតនិងគេ ព្រោះចង់ទុកពេលវេលាដើម្បីរកប្រាក់ សាងមុខរបររកស៊ីឱ្យជោគជ័យជាមុនសិន មុននឹងសម្រេចចិត្តរៀបការ ៕