ស្ទើរតែមិនគួរឱ្យជឿថាអ្នកនាង ប្រាសាទ ដាវីន អាចគ្រងមកុដ Miss Universe Cambodia ២០២៤ឡើយ ដោយសារអ្នកនាងបានរៀបការនិងមានកូនម្នាក់រួចហើយ ។
សម្រាប់ការប្រកួត Miss Universe Cambodia ឆ្នាំ២០២៤នេះ គឺពុំបានរៀបចំឡើងធំដុំដូចរាល់ឆ្នាំឡើយ ដោយអ្នករៀបចំកម្មវិធីបានជ្រើសរើសបេក្ខភាពចំនួន ៥ នាក់ចូលរួមប្រកួតវគ្គចុងក្រោយតែម្តង ។ ការប្រកួត Miss Universe ឆ្នាំនេះគឺគណកម្មការបើកសេរីសម្រាប់ស្រ្តីគ្រប់រូបចូលរួមប្រកួត មិនថាស្រ្តីនៅលីវ រៀបការមានគ្រួសារ ឬបែកបាក់នោះទេ គឺអាចចូលរួប្រកួតបាន ជាក់ស្តែងអ្នកនាង ប្រាសាទ ដាវីន ដែលជាស្រ្តី កម្ពុជា បានរៀបការមានគ្រួសារ និង មានកូនរួចហើយ ប៉ុន្តែអ្នកនាងមានសមត្ថភាពខ្ពស់ដែលបានដណ្តើមបានមកុដ Miss UniverseCambodia 2024 ដើម្បីត្រៀមឡើងប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខផងដែរ ។ បើតាមគម្រោងការប្រកួត Miss Universe ឆ្នាំនេះនឹងរៀបចំឡើងនៅប្រទេស មិកស៊ិកកូ ។
នារាត្រីគ្រងមកុដកាលពីយប់មិញនេះ អ្នកនាង ប្រាសាទ ដាវីន បានបេ្តជ្ញាចិត្តថា នឹងប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីនាំ កម្ពុជា ទៅលើឆាកអន្តរជាតិ ។
អ្នកនាង ប្រាសាទ ដាវីន ក៏មិនរំពឹងថាខ្លួនអាចនឹងក្លាយទៅជាម្ចាស់មកុដ Miss Universe Cambodia 2024 នេះឡើយ ដោយសារអ្នកនាងមានគ្រួសារ និងមានកូនរួចទៅហើយ ។
គួររំលឹកផងដែរថា មុនពេលចាប់ផ្តើមការប្រកួត Miss Universe Cambodia ២០២៤ អ្នកនាង ប្រាសាទ ដាវីន ធ្លាប់បានប្រាប់ថា អ្នកនាងមានក្តីស្រមៃធំ គឺចង់ដើរលើឆាកអន្តរជាតិជាយូរមកហើយ ដូច្នេះហើយទើបអ្នកនាងប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យខ្លាំងក្លា ដើម្បីដណ្តើមមកុដដ៏ធំមួយនេះ ៕