MVចម្រៀង « យើងត្រូវគ្នាវិញបានទេ? » របស់តារាចម្រៀងពន្លកថ្មីនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា ធីតា ដាវីកា ពិតជាទាក់ទាញខ្លាំងណាស់ដោយសារក្នុងបទចម្រៀងមួយបទនេះបង្កប់ទៅដោយអត្ថន័យ និងបានបញ្ចូលនូវរសជាតិ ២ផ្សេងគ្នា ដែលអាចទាក់ទាញអារម្មណ៍អ្នកគាំទ្រខ្លាំងមិនធម្មតា ។
កញ្ញា ធីតា ដាវីកា ផ្តើមចេញពីអ្នកលេង TikTok ដ៏មានប្រជាប្រិយភាពមួយរូបដែលមាន Follower ជាង700K នាងគឺជានារីដ៏ស្រស់ស្អាតមកពីខេត្ត ក្រចេះ ។ នាងបានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានធ្វើត្រាប់តាម បទចម្រៀងរបស់កំពូលតារាចម្រៀងស្រីរួមទ្រនំ គឺ កញ្ញា តន់ ចន្ទសីម៉ា រហូតធ្វើឱ្យអ្នកដឹកនាំនៅក្នុងផលិតកម្ម Galaxy Navatraពេញចិត្តនូវសមត្ថភាពរបស់នាង និងបានទទួលនាងធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មនេះផងដែរ ។
« យើងត្រូវគ្នាវិញបានទេ? » គឺជាបទចម្រៀងថ្មីដំបូងគេបង្អស់របស់កញ្ញាធីតា ដាវីកា ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra កាលពីអំឡុងពាក់កណ្តាលខែសីហាកន្លងមកនេះ ជាពិសេសបទចម្រៀងនេះកាន់តែផ្ទុះនិងមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដែលនិយមលេង TikTok ។
ស្របពេលបទចម្រៀង « យើងត្រូវគ្នាវិញបានទេ? » កំពុងពេញនិយមពីសំណាក់មិត្តយុវវ័យ ស្រាប់ នៅចុងសប្តាហ៍កន្លងនេះផលិតកម្មបានទម្លាក់បទដដែលជា Remix Version មួយទៀត ដើម្បីអន្ទងចិត្តហ្វេនៗឱ្យចាប់អារម្មណ៍ បទចម្រៀងតារាស្រីរូបនេះថែមមួយកម្រិតទៀត ។ គិតត្រឹមថ្ងៃនេះមានអ្នកលេង TikTok ជាច្រើនបានធ្វើត្រាប់តាមបទចម្រៀង«យើងត្រូវគ្នាវិញបានទេ? បែប Remixរហូតដល់ជាង12000វីដេអូក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ។
ផលិតកម្ម Galaxy Navatra គឺជាផលិតកម្មខ្នាតយក្សដែលតែងតែផ្តល់ឱកាសសម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈចម្រៀងអាចបញ្ចេញសមត្ថភាពលើវេទិកាតន្រ្តីយ៉ាងទូលំទូលាយ ជាក់ស្តែងនៅក្នុងផលិតកម្មមានកំពូលតារាចម្រៀងថ្មីចាស់យ៉ាងច្រើន ដែលពោរពេញដោយសមត្ថភាព និង ទេពកោសល្យ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង « យើងត្រូវគ្នាវិញបានទេ? » គឺនិពន្ធ Melody និងទំនុកច្រៀងដោយ កញ្ញា យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយ ប្រុសម៉ៅ ។ បើចង់ជ្រាបច្បាស់ថា តើបទចម្រៀងនេះពីរោះរណ្តំចិត្តដល់កម្រិត ណានោះ មានតែទៅទស្សនា និង ស្តាប់កម្សាន្តទាំងអស់គ្នានៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ៕