សមាគមសិល្បករខ្មែរនៅក្នុងអណត្តថ្មីនេះកាន់តែរឹងមាំឡើងបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ជីបម៉ុង កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ កន្លងមកនេះ ក្នុងការជួយឧបត្ថម្ភសមាគមសិល្បករខ្មែររហូតដល់ទៅ ១០ ឆ្នាំក្នុងទំហំទឹកប្រាក់ចំនួន « ៧៧៧៧៧៧ (ចិតសិបប្រាំពីរម៉ឺនប្រាំពីរពាន់ ប្រាំពីររយចិតសិបប្រាំពីរដុល្លារអាមេរិក) ។
ស្របពេលជាមួយនិងការចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង សមាគមសិល្បករខ្មែរ ជាមួយក្រុមហ៊ុន ជីបម៉ុង នេះ សិល្បករសិល្បការិនីជាច្រើនបានសម្តែងនូវការត្រេកអរក៏ដូចជាកក់ក្តៅចិត្តដែលបានខ្នងបង្អែកដ៏រឹងមាំបែបនេះ ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ និងក្រុមហ៊ុន ជីបម៉ុងគ្រុប ស្តីពីការឧបត្ថម្ភមូលនិធិជូនសមាគមសិល្បករខ្មែររយៈ ពេល ១០ ឆ្នាំ ក៏មានវត្តមាន លោកជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ព្រមទាំងសិល្បករសិល្បការិនីរាប់រយនាក់ចូលរួមអបអរសាទរផងដែរ ។ អ្នកឧកញ៉ា លាម៉េង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការរួមដំណើរជាមួយសមាគមសិល្បករខ្មែរ អ្នកឧកញ៉ាថែមទាំងបានចូលរួមគាំទ្រពេញទំហឹងដោយឈរលើឆន្ទះ «រក្សាចាស់ បង្កើតថ្មី » ដើម្បីបង្កើនប្រសិទ្ធភាពនៃការច្នៃប្រឌិត ដើរឱ្យទាន់សម័យឌីជីថល និងបណ្តុះគំនិតកូន ខ្មែរ ឱ្យចូលរួមថែរក្សាសម្បត្តិ វប្បធម៌ ប្រពៃណី ខ្មែរ លើកកម្ពស់និរន្តរភាពនៃសិល្បៈ កម្ពុជា ឱ្យកាន់តែរស់រវើក ។
អ្នកឧកញ៉ា ម៉ៅចំណាន ប្រធានសមាគមសិល្បករខ្មែរបានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះគឺ សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់លោកអ្នកឧកញ៉ា សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងគ្រុប ចំពោះការចូលរួមលើកតម្កើនតម្លៃនៃវិស័យសិល្បៈវប្បធម៌ជាតិ និងយល់ ច្បាស់ពីសុខទុករបស់សិល្បករសិល្បការិនីទាំងអស់ ជាពិសេសចំពោះសិល្បកររាមច្បងដែលមានវ័យ កាន់តែច្រើន និងកំពុងប្រឈមនិងបញ្ហាផ្សេងៗ ដែលត្រូវការមូលនិធិឧបត្ថម្ភទ្រទ្រង់ជាចាំបាច់ ។
គួរបញ្ជាក់ផងដែរថា សមាគមសិល្បករខ្មែរគឺជាសមាគមវិជ្ជាជីវៈបង្កើតឡើងក្នុងគោលបំណងសំខាន់ ការពារសិទ្ធ និងផលប្រយោជន៍របស់សិល្បករ ខ្មែរ ។ កៀងគរប្រមូលផ្តុំបណ្តាសិល្បករសិល្បការិនីគ្រប់ទម្រង់ គ្រប់ជំនាញ និងគ្រប់ជំនាន់ក្នុងកិច្ចការថែរក្សា ការពារ អភិវឌ្ឍន៍និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ ។ ស្វែងរកសប្បុរសជនដើម្បីជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គម ។ ប្រមូលផ្តុំធនធានសិល្បៈ រូមគ្នាលើកកម្ពស់សីលធម៌សង្គម និង ក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ ៕