កញ្ញា មាន សូនីតា ត្រៀមថតភាពយន្តខ្នាតធំ ផ្អឹបរឿងរៀបការទុកមួយឡែក 

បើទោះបីជាមានឈ្មោះជាតារាសម្តែងល្បីលំដាប់ប្រទេស ប៉ុន្តែតារាសម្តែង មាន សូនីតា កម្រនិងមានស្នាដៃធំណាមួយដើម្បីប្រកួតប្រជែងជាមួយតារាសម្តែងមួយចំនួនណាស់ ដោយឡែកថ្មីៗនេះតារាសម្តែងស្រីរូបនេះបានត្រៀមខ្លួនដើម្បីថតភាពយន្តខ្នាតធំមួយនៅក្នុងឆ្នាំ ២០២៥ ដើម្បីឱ្យផ្ទុះកក្រើកវិស័យសិល្បៈឡើ់ងវិញ ដូច្នេះហើយទើបនាងផ្អឹបរឿងរៀបការទុកមួយឡែក ។ 

ថ្វីដ្បិតតែពុំមានស្នាដៃធំណាមួយដើម្បីបង្ហាញមហាជន ប៉ុន្តែកញ្ញា មាន សូនីតា តែងតែលេចធ្លោខ្លាំង ក្នុងកម្មវិធីផ្សេងៗជាមួយនិងការរចនាម៉ូដសម្លៀកបំពាក់ដែលច្នៃចេញពីក្រមា ខ្មែរ ជាក់ស្តែងនៅពេលដែលនាងបានទៅបង្ហាញខ្លួននៅលើឆាកអន្តរជាតិនៅប្រទេស បារាំង កាលពីកន្លងមកនេះ គឺបានធ្វើឱ្យបរទេសកាន់តែស្គាល់ កម្ពុជា ។ កញ្ញា មាន សូនីតា ត្រូវមហាជនដាក់រហ៍សនាមថា រាជនីក្រមា មិនថាចូលរួមកម្មវិធីតូចធំនាងតែងតែរំលេចខ្លួនជាមួយក្រមាដែលច្នៃយ៉ាងស្រស់ស្អាត ។

នៅពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញកញ្ញា មាន សូនីតា កាន់តែឃ្លាតឆ្ងាយពីឆាកសម្តែង ជាក់ស្តែងចុងក្រោយនេះពុំទាន់ឃើញវត្តមាននាងនៅក្នុងភាពយន្តខ្នាតធំណាមួយនៅឡើយទេ។ ជួបជាមួយកញ្ញា មាន សូនីតា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ នាងត្រៀមថតភាពយន្តខ្នាតធំមួយ ដែលនឹងយកទៅប្រកួតប្រកួតនៅក្រៅប្រទេសផងដែរ ។

នៅពុំទាន់ដឹងថាភាពយន្តខ្នាតធំដែលតារាសម្តែង មាន សូនីតា ត្រៀមសម្តែងនេះជារឿងបែបណានោះទេ នាងបានត្រឹមតែប្រាប់ថា ជារឿងខ្នាតធំ ពេលចេញមកដឹងតែផ្ទុះហើយ កុំភ្លេចចូលរួមគាំទ្រស្នាដៃថ្មីរបស់នាងផង ។ 

ទន្ទឹមនិងការត្រៀមខ្លួនថតភាពយន្តខ្នាតធំនេះ កញ្ញា មាន សូនីតា ក៏បានផ្អឹបចោលរឿងរៀបការ ដើម្បីមានពេលវេលាច្រើនក្នុងការហ្វឹតហាត់ និងសម្តែងនៅក្នុងភាពយន្តខ្នាតធំមួយនេះ សូម្បីតែវិស័យប្រកួតប្រជែងសម្រស់ ក៏នាងមិនចាប់អារម្មណ៍ចូលរួមប្រកួតដែរ ទោះបីជាមានការជម្រុញពីមិត្តភក្តិ និងអ្នកគាំទ្រច្រើនឱ្យនាងចូលរួមប្រកួត នាងសុំពេលវេលាមួយរយៈដើម្បីបំពេញក្តីស្រមៃធំរបស់ខ្លួនសិន ៕