ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមថវិកាក្នុងការកសាងចំនួន ២០០លានរៀល។
យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។
ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
សម្រាប់ការចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “៕