អ្នកនាង ព្រំ រដ្ឋា បានចោលកូនស្រីវ័យ ១៨ ឆ្នាំនៅទឹកដី អាមេរិក ដើម្បីបន្តស្វែងរកក្តីស្រមៃធំរបស់ខ្លួនក្នុងប្រទេស កម្ពុជា វិញ បើទោះបីជាអ្នកនាងត្រូវប្រឈមមុខជាមួយម្ចាស់បំណុលជាច្រើន ក៏អ្នកនាងលែងខ្វល់ដែរ ។
មកដល់ប្រទេស កម្ពុជា ជាងកន្លះឆ្នាំហើយអ្នកនាង ព្រំ រដ្ឋា ដែលជាពិធីការិនិ តារាសម្តែង និងជាផលិតករល្បីឈ្មោះមួយរូបនេះ ហាក់បីដូចជាសប្បាយចិត្តច្រើន នាងក៏លែងខ្វល់ពីម្ចាស់បំណុលដែលតាមទារនាងឥតឈប់ឈរដែរ បន្ទាប់ពីនាងបានស្វែងរកដំណោះស្រាយដ៏ល្អសម្រាប់ម្ចាស់បំណុល ។
ជួបជាមួយអ្នកនាង ព្រំ រដ្ឋា កាលពីពេលថ្មីៗនេះ នាងបានប្រាប់ថា មកស្រុក ខ្មែរ លើកនេះ នាងចង់បន្តស្វែងរកក្តីស្រមៃធំរបស់ខ្លួន គឺប្រឹងផលិតភាពយន្តល្អៗ ដើម្បីសាងស្នាដៃឡើងវិញ បន្ទាប់ពីជួបរឿងមិនល្អនាពេលកន្លងមក ។ នាងសង្ឃឹមថា ការវិលត្រឡប់របស់នាងលើកនេះនឹងទទួលបានការគាំទ្រពីមហាជន មកចាញ់កាលពីប៉ុន្មានឆ្នាំមុនឡើយ ។
អ្នកនាង ព្រំ រដ្ឋា បានចោលកូនស្រីរបស់ខ្លួនដែលមានវ័យ ១៨ ឆ្នាឱ្យរស់នៅសហរដ្ឋអាមេរិកតែម្នាក់ឯង ក្រោយកូនស្រីរបស់នាងធំពេញវ័យ និងមានការងារធ្វើដោយខ្លួនឯង ។ នាងថាកូនស្រីធំហើយ អាចមើលថែខ្លួនឯងបាន សម្រាប់រូបនាងផ្ទាល់ បើរស់នៅ អាមេរិក គឺសុខស្រួលហើយ តែដើម្បីរកអ្វីដែលជាខ្លួនឯង នាងឈប់គេចវិះដូចពេលមុនហើយ ជួបម្ចាស់បំណុលត្រូវព្យាយាមដោះស្រាយ ។ ពេលនេះនាងក៏មិនខ្វល់ពីរឿងរ៉ាវអាក្រក់ទាំងនោះដែរ សំខាន់ផ្លូវដើររបស់នាងនៅវែងឆ្ងាយទៀត ម្ចាស់បំណុលទាំងអស់អាចនឹងយល់ពីនាង ។
ក្នុងចន្លោះពេលដែលជួបនូវរឿងអាស្រូវជំពាក់បំណុលគេជុំទិស អ្នកនាង ព្រំ រដ្ឋា ក៏បានជួបនូវបញ្ហាវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរផងដែរ រហូតធ្វើឱ្យនាងរត់ទៅ អាមេរិក វិញ ដើម្បីព្យាបាលជំងឺ ។ ពេលនេះ ព្រំ រដ្ឋា កំពុងផលិតភាពយន្តថ្មីមួយសម្រាប់ដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍មួយ ប្រសិនបើការងារនេះជោគជ័យ នាងនឹងបន្តផលិតរឿងជាច្រើនទៀត មិនថារឿងដុំ ឬ រឿងភាគ ។