បន្ទាប់ពីខកខានក្នុងការចេញទៅសម្តែងនៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំ ពេលនេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានអញ្ជើញ និង ជ្រើសរើសតំណាងសិល្បករ ខ្មែរ ផ្នែកចម្រៀងសម័យ ចូលរួមការប្រគំតន្រ្តី ដើម្បីផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ ខ្មែរ ទៅកាន់ពិភពលោក នៅលើទឹកដី សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ។
បើតាមគម្រោងតារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងចេញសម្តែងនៅសហរដ្ឋអាមេរិក ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងកម្មវិធី The Inaugural Cambodia Day ។ ជាមួយនិងការត្រៀមខ្លួនចេញទៅក្នុងកម្មវិធីនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោក ថា « ដោយក្តីគោរព ខ្ញុំបាទតំណាងសិល្បករកម្ពុជាផ្នែកសម័យ នឹងទៅជួបជាមួយបងប្អូនពូមីងនៅ សហរដ្ឋ អាមេរិក តំបន់ ញូវញៀនស្វែរ ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងកម្មវិធីThe Inaugural Cambodia Day នៅថ្ងៃទី ២៨ ខែ កញ្ញាឆ្នាំ ២០២៤ ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ និងផលិតផលខ្មែរទៅកាន់ពិភពលោក សូមពូមីងបងប្អូននៅសហរដ្ឋអាមេរិកចូលរួមទាំងអស់គ្នាដោយសេរីដើម្បីបុព្វហេតុរួមចំណែកផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក »។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចេញទៅសម្តែងតាមគម្រោងដែលបានគ្រោងទុក ។ នៅក្នុងការប្រគំតន្រ្តីនោះផងដែរ ក៏មានការការតាំងពិព័រណ៌នូវផលិតផល ខ្មែរ គ្រប់មុខដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជារំភើបចិត្តខ្លាំងណាស់ជាមួយនិងការត្រៀមចេញទៅសម្តែងនៅលើទឹកដី សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ដើម្បីជួបមុខពុកម៉ែបងប្អូន ខ្មែរយើង ។
ថ្វីដ្បិតតែកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត មមាញឹកនៅក្នុងការងាររកស៊ីរបស់លោកក្តី លោកនៅតែចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដូចជាពេលមុនដដែល ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រ ជាក់ស្តែងរាល់ពេលបទចម្រៀងនិមួយៗរបស់លោកចេញជាផ្លូវការម្តងៗ ពិតជាទទួលបានការគាំទ្រច្រើនពីមហាជន ៕