នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សមាគមសិល្បករ ខ្មែរ នៅរសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤ នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមនសិល្បករខ្មែរបានប្តេជ្ញាចិត្ត និងដឹកនាំចលនាសិល្បករប្រកបដោយការទទួលខុសត្រូវលើក៥ ចំណុចសំខាន់ៗ ។
៥ ចំណុចសំខាន់ៗដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ លើកឡើងរួមមាន៖
១ . ដឹកនាំ សិល្បករ សិល្បការិនី សហការនិងចូលរួមសកម្មភាពនានា របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ចែករំលែកបទពិសោធតាមការអញ្ជើញរបស់ក្រសួង។
២. ជំរុញសមាជិកនិងក្រុមគ្រួសារសមាជិករបស់សមាគម សិល្បករខ្មែរបន្តការសិក្សាកសាងសមត្ថភាពជំនាញ និងបច្ចេក ទេសដើម្បីបង្កើននូវឱកាសការងារឱ្យមានភាពប្រសើរឡើង ។
៣. ពន្យល់និងផ្សព្វផ្សាយដល់សមាជិក និងភាគីពាក់ព័ន្ធក្នុងបណ្តាញរបស់ខ្លួនសំដៅលើកកម្ពស់ការយល់ដឹងសាធារណជន ស្តីពីវិស័យការងារសន្តិសុខសង្គមនិង បណ្តុះបណ្តាលវិជ្ជាជីវៈរួមមាន ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ ការហាមឃាត់ ការប្រើប្រាស់ ពលកម្មកុមារនិងអត្ថប្រយោជន៍ នៃបេឡាជាតិ សន្តិសុខសង្គម ជាដើម ។
៤. ដឹកនាំសិល្បករ សិល្បការិនីផ្សព្វផ្សាយគោលនយោបាយសំខាន់ ៗរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា។
៥. សហការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ឬ ការជួបជុំធំៗនៅ ក្នុងនិងក្រៅប្រទេស ដើម្បីផ្តល់ភាពសប្បាយរីករាយ ជូន កម្មករ និយោជិក ពលករ និងទេសន្តរប្រវេសករ នៅក្នុងឱកាស បុណ្យជាតិ ឬកម្មវិធីពិសេសរបស់ក្រសួងនិងរាជ រដ្ឋាភិបាល ។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ជា ពិសេស រាជ រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់សិល្បករសិល្បការិនី ក្នុងសមាគមសិល្បករ ខ្មែរ បាន ចូល រួម ក្នុង កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និង លើកកម្ពស់វិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៧ នេះ ៕