នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤ នេះ ប្រជាជន កម្ពុជា មានមោទកភាពខ្លាំង ចំពោះតារាចម្រៀងរ៉េប វណ្ណដា ដែលមានវត្តមាននៅលើឆាកបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង ប៉ារីស ប្រទេស បារាំង អមដោយបទចម្រៀង « Time To Rise » ជាមួយនិងមោទកភាពនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរចំពោះតារាចម្រៀង រ៉េប វណ្ណដា ផងដែរនៅក្នុងថ្ងៃនេះ ។
តាមសារហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ថា « សូមអបអរសាទរ និងអរគុណដល់សិល្បៈករ កម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ »។
ចំណែកសិល្បករសិល្បការិនី និង អ្នកគាំទ្រតារាចម្រៀង រ៉េប វណ្ណដា ក៏បានចូលរួមអបអរសាទរចំពោះតារាចម្រៀង វណ្ណដា ដែលបាននាំ កម្ពុជា ទៅលើឆាកអន្តរជាតិ អបដោយបទចម្រៀង « Time To Rise » បង្កប់ដោយអត្ថន័យជ្រាលជ្រៅ ។ ជាពិសេសតារាចម្រៀង វណ្ណដា បានជ្រើសរើសឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតច្នៃយ៉ាងប្រណិតពី ហូល ខ្មែរ នៅក្នុងថ្ងៃបិទការប្រកួតកីឡាអូឡាំពិករដុវក្តៅនៅទីក្រុងប៉ារីស ផងដែរ ដែលកាន់តែផ្ទុះការចាប់អារម្មណ៍ពីមហាជន៕