រយាលពីការងារក្នុងរដូវវស្សា តារាចម្រៀង ខាត់ សួស្តី ចាយលុយផ្ទាល់ខ្លួនផលិតរឿងអប់រំខ្លីៗ ដើម្បីទាក់ចិត្តអ្នកគាំទ្រ 

រយាលពីការងារក្នុងរដូវវស្សា ស្រាប់តែតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា ខាត់ សួស្តី បានបោះទុនប្រាក់ផ្ទាល់ខ្លួនដើម្បីផលិតរឿងអប់រំខ្នាតខ្លី ដើម្បីចែកចាយជូនអ្នកគាំទ្រខ្លួនទស្សនា ។ 

រយៈពេលជិតមួយឆ្នាំហើយដែលកញ្ញា ខាត់ សួស្តី បានឈានជើងចូលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយក៏បានចេញបទចម្រៀងច្រើនជាហូរហែ ជាពិសេសនាងតែងតែមានវត្តមាននៅលើឆាកប្រគំតន្រ្តីតាមកម្មវិធីធំៗជាបន្តបន្ទាប់ ដោយឡែកនៅក្នុងរដូវវស្សានេះ ការងារចម្រៀងរបស់នាងមានការធ្លាក់ចុះបន្តិច ដោយសារមិនសូវមានកម្មវិធី ។

ស្របពេលទំនេរពីការងារចម្រៀង កញ្ញា ខាត់ សួស្តី បានចំណាយថវិការផ្ទាល់ខ្លួនច្រើនគួរសម ដើម្បីផលិតវិដេអូអប់រំខ្លីៗចែកជូនអ្នកគាំទ្រទស្សនាកម្សាន្តអារម្មណ៍ ដោយរឿងដំបូនេះមានចំណងជើងថា « កូនចិញ្ចឹម » នាងបានចូលរួមសម្តែងដោយផ្ទាល់តែម្តង ។ រឿងនេះបានចេញជាផ្លូវការចំនួន ២ វគ្គមកហើយ ដោយទទួលបានការគាំទ្រច្រើនពីមហាជន ។ 

ដោយមានការគាំទ្រច្រើនពីមហាជន កញ្ញា ខាត់ សួស្តី ត្រៀមនឹងចេញវគ្គថ្មីៗជាបន្តបន្ទាប់ទៀត ក្រោយពីសំងំថតអស់ពេលមួយរយៈ ។  

កញ្ញា ខាត់ សួស្តី បានប្រាប់អ្នកសារព័ត៌មានយើងថា មូលហេតុដែលនាងងាកមកថតរឿងអប់រំខ្លីបែបនេះ ដោយសារតែនេះជារដូវវស្សា ទំនេរពីការងារច្រើន ចេះតែរកអ្វីធ្វើសម្រាប់ខ្លួនឯង ណាមួយរឿងអប់រំនេះគឺផ្តល់សារៈប្រយោជន៍ច្រើនដល់មហាជនទាំងក្នុងនិងក្រៅប្រទេស ។ ការផលិតវិដេអូនេះផងដែរគឺនាងបានចំណាយដើមទុនផ្ទាល់ខ្លួនផលិត ដោយមិនរំពឹងប្រាក់ចំណេញពីការផលិតវិដេអូនេះឡើយ គោលបំណងសំខាន់ គឺនាងចង់ផ្សព្វផ្សាយឱ្យមហាជនបានដឹងច្បាស់ពីរឿងរ៉ាវដែលបានកើតឡើង និងត្រូវប្រុងប្រយ័ត្ន ។ 

ជាមួយនិងការផលិតវិដេអូអប់រំនេះ កញ្ញា ខាត់ សួស្តី បានឱ្យដឹងផងដែរថា នាងនៅតែបន្តចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចមុនដដែល ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នាងក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរក្នុងឱកាសពិសេសនេះ ដើម្បីជាកាដូដល់អ្នកគាំទ្រ ៕