អ្នកគ្រប់គ្រង MGC ត្រៀមថវិការខ្ទង់ ២០ ម៉ឺនដុល្លារក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត MGI ២០២៤ នៅលើទឹកដីខេត្ត សៀមរាប 

ពិតជាមោទនភាពណាស់ ការប្រកួតសម្រស់ Miss Grand International ឆ្នាំនេះនឹងរៀបចំឡើងនៅក្នុងប្រទេស កម្ពុជា ដោយអ្នកគ្រប់គ្រង់ស្ថាប័ន Miss Grand Cambodia បានត្រៀមថវិការខ្ទង់ ២០ ម៉ឺនដុល្លារសម្រាប់ចំណាយធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International 2024 ដើម្បីបើកទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់ កម្ពុជា ក្នុងវិស័យបវរកញ្ញា និងត្រៀមទទួលបេក្ខភាពមកពីជុំវិញពិភពលោកទាំង ៧២ ប្រទេស ។

ឆ្នាំនេះ កម្ពុជា បានចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International ២០២៤ ដោយស្ថាប័ Miss Grand Cambodia បានជ្រើសរើសទឹកដីខេត្ត សៀមរាប ដើម្បីធ្វើការប្រកួតប្រជែងកម្មវិធីលំដាប់ពិភពលោកមួយនេះ ។

ការប្រកួត Miss Grand International នឹងមានបេក្ខភាពចំនួន ៧២ ប្រទេសចូលរួមប្រកួត ក្នុងនោះដែរ កម្ពុជា ក៏មានចំណែកក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដ៏ធំនេះផងដែរជាមួយនិង ប្រទេស ថៃ ។ ស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ប្រាប់នៅក្នុងថ្ងៃជំនួបជាមួយ Top ទាំង ១១ របស់ Miss Grand Cambodia 2024 កាលពីពេលថ្មីៗនេះថា ការប្រកួត Miss Grand International ២០២៤ នឹងរៀបចំឡើងនៅលើទឹកដីខេត្ត សៀមរាប ដែលជាទឹកដីអច្ឆរិយ និងមានសក្តានុពលក្នុងវិស័យទេសចរណ៍ ក្នុងប្រទេស កម្ពុជា ។

បើតាមគម្រោងការប្រកួតដ៏ធំសំប្បើមនេះនឹងចាប់ផ្តើមនៅក្នុងខែ តុលា ខាងមុខ ដោយ កម្ពុជា នឹងរៀបចំកម្មវិធីសំខាន់ៗចំនួន ៣  ដូចជា វគ្គដើរទស្សនកិច្ច , វគ្គបំពាក់ឈៀង និង វគ្គឈុតហែលទឹក ។ ចំណែកកម្មវិធីសំខាន់ៗចំនួន ៣ ទៀតនឹងធ្វើឡើងនៅប្រទេស ថៃ ។ 

លោកស្រី អ៊ឹម សុគន្ធា បានត្រៀមថវិការប្រមាណខ្ទង់ ២០ម៉ឺនដុល្លារ សម្រាប់រៀបចំកម្មវិធីដ៏អស្ចារ្យនេះ លោកស្រីសង្ឃឹមថា ការប្រកួតនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ កម្ពុជា ក្នុងវិស័យទេសចរណ៍ ហេតុដូច្នេះហើយទើបលោកស្រីសុខចិត្តចំណាយថវិការផ្ទាល់ខ្លួនដើម្បីរៀបចំកម្មវិធីនេះឡើយ ។ ២០ ម៉ឺនដុល្លារគ្រាន់តែជាចំណែកនៃការរៀបចំកម្មវិធីប៉ុណ្ណោះ ចំណែកសិទ្ធផ្តាច់មុខគឺក្នុងតម្លៃផ្សេងទៀត តែលោកស្រីសុំមិននិយាយ ។ 

ការប្រកួត Miss Grand International ឆ្នាំ ២០២៤ នេះនឹងផ្ទុះកក្រើកវិស័យបវរកញ្ញាតែម្តង ពីព្រោះ កម្ពុជា ក៏បានចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះផងដែរ ។ អ្នកគាំទ្រជាច្រើនបានស្វាគមន៍ និងទន្ទឹងរងចាំវត្តមានបេក្ខភាពទាំង ៧២ ប្រទេស មកប្រទេស កម្ពុជា ។ 

ចំណែកញ្ញា ប៊ឺ សុធារី ដែលតំណាងឱ្យ កម្ពុជា ក្នុងការប្រកួត Miss Grand Cambodia ឆ្នាំនេះ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីប្រកួតប្រជែងនិងដណ្តើមមកុដពីបេក្ខភាពទាំងអស់ ៕