សុវត្ថិឌី ធារិកា ចំណាយពេល ៣ សប្តាហ៍នៅ បារាំង ជាមួយស្វាមីដើម្បីធ្វើរឿងធំ ២ 

តារាចម្រៀង សុវត្ថិឌី ធារិកា បានចំណាយពេលវេលា ៣ សប្តាហ៍នៅប្រទេស បារាំង ជាមួយស្វាមីខ្លួន ដើម្បីធ្វើរឿងចំនួនធំ២ បន្ទាប់ពីរៀបការរួច ។ 

កាលពីអំឡុងខែ កក្កដា កន្លងមកនេះ តារាចម្រៀង សុវត្ថិឌី ធារិកា បានបណ្តើរស្វាមីខ្លួនចេញទៅប្រទេស បារាំង ជាលើកដំបូង បន្ទាប់ពីរៀបការមានគ្រួសារ ការចាកចេញរបស់នាងនាពេលនោះ បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ រហូតម្នាក់ៗគិតថា នាងចេញទៅសម្តែង ។ 

ជួបជាមួយតារាចម្រៀង សុវត្ថិឌី ធារិកា កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងពិតជាបានចេញទៅប្រទេស បារាំង រួមជាមួយស្វាមីយ៉ាងពិតប្រាកដមែន ប៉ុន្តែនាងមិនបានចេញទៅសម្តែងនោះទេ គឺនាងទៅដើម្បីដើរកម្សាន្តលំហែកាយផង និង ដើម្បីធ្វើអាជីវកម្មផង ។ នេះជាដំណើរកម្សាន្តដ៏អស្ចារ្យមួយសម្រាប់នាងដែលមានស្វាមីនៅក្បែរ ហើយក៏ឆ្លៀតពេលហាន់នីមូន ផងដែរ ។ ៣ សប្តាហ៍នៅទីនោះគឺនាងបានចំណាយថវិការផ្ទាល់ខ្លួនអស់ច្រើនគួរសម តែទោះជាយ៉ាងណាដំណើរកម្សាន្តលើកដំបូងចេញទៅក្រៅប្រទេសជាមួយស្វាមី គឺពិតជាសប្បាយរីករាយរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន ។ 

តារាចម្រៀង សុវត្ថិឌី ធារិកា បានបន្ថែមទៀតថា នាងទទួលបានបទពិសោធថ្មីៗជាច្រើនបន្ទាប់ពីបានចេញទៅទស្សនៈកិច្ចនៅប្រទេស បារាំង ហើយនាងក៏បានទាក់ទងនិងទិញផលិតផលនានាដើម្បីយកមកលក់នៅក្នុងស្រុក ខ្មែរ ផងដែរ ។  

ចាប់តាំងពីរៀបការរួចតារាចម្រៀង សុវត្ថិឌី ធារិកា បានងាកមកចាប់អាជីពរកស៊ីបន្ថែមលើការងារចម្រៀង ដើម្បីពង្រឹងជីវភាព ជាក់ស្តែងថ្មីៗនេះនាងបានឡាយវិដេអូលក់ផលិផលជាច្រើន រហូតផ្ទុះការគាំទ្រច្រើនពីអតិថិជន ធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងកាងាររកស៊ី ។ សុវត្ថិឌី ធារិកា បានឱ្យដឹងទៀតថា ទៅថ្ងៃអនាគតនាងចង់ចាប់អាជីពរកស៊ីបន្ថែមពីលើការងារសិល្បៈ ពីព្រោះការងារសិល្បៈគឺមិនស្ថិតស្ថេរ ខែខ្លះរកលុយបាន ខែខ្លះរកលុយមិនសូវបាន បើពឹងតែប្រាក់ចំណូលសិល្បៈគឺមិនស្រួលទេ ។ 

តារាចម្រៀង សុវត្ថិឌី ធារិកា មានគម្រោងយកកូនក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ពីព្រោះសព្វថ្ងៃនេះនាងមានតែពីរនាក់បងប្អូនប៉ុណ្ណោះ ចំណែកស្វាមីនាងក៏ចង់បានកូនឆាប់ៗដែរ ៕