លោក ជា សុវណ្ណនរាហ៍ បញ្ជាក់ពីរឿងផលិតកម្មមិនហៅថតភាពយន្ត ! 

ភាគច្រើនតារាសម្តែងលោក ជា សុវណ្ណនរាហ៍ លេចមុខតែក្នុងផលិតកម្ម LD ប៉ុណ្ណោះ ក្រៅពីនេះគឺពុំមានវត្តមានរបស់លោកឡើយ  ជុំវិញនៃរឿងនេះត្រូវបានតារាសម្តែងរូបសង្ហានេះបានបញ្ជាក់កាលពីពេលថ្មីៗនេះថា លោកមិនបានជាប់កុងត្រាជាមួយផលិតកម្មណាមួយឡើយ តែមិនដឹងថាផលិតកម្មនានាគិតយ៉ាងណាទេទើបមិនហៅលោកថត ។ 

លោក ជា សុវណ្ណនរាហ៍ ក៏ជាតារាសម្តែងល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិស័យសិល្បៈ ជាញឹកញាប់លោកតែងតែមានវត្តមាននៅក្នុងរឿងដុំរបស់ផលិតកម្ម LD មិនថារឿងបែបកំប្លែង សម័យ ឬបុរាណឡើយ ជាក់ស្តែងថ្មីៗនេះលោកក៏មានវត្តមាននៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » ផងដែរជាមួយតារាសម្តែងភូមា ។ 

លោក ជា សុវណ្ណនរាហ៍ បានឱ្យដឹងថា លោកមិនដែលប្រកាន់ខ្លួនសម្តែងជាតួអង្គបែបណាទេ សំខាន់ឱ្យតែអ្នកដឹកនាំរឿងពេញចិត្តជ្រើសរើសលោកសម្តែងតួអង្គអ្វី គឺលោកមិនប្រកែកឡើយ ទោះជាតួអង្គអ្នកបំរើក៏គ្មានបញ្ហាដែរ ។

លោក ជា សុវណ្ណនរាហ៍ ភាគច្រើនលេចមុខតែនៅក្នុងផលិតកម្ម LD ប៉ុណ្ណោះ ក្រៅពីនេះពុំឃើញវត្តមានរបស់លោកឡើយ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថា តើហេតុអ្វីមិនឃើញលោក ជា សុវណ្ណនរាហ៍ ថតជាមួយផលិតកម្មផ្សេងបែបនេះ ឬមួយលោកចុងកុងត្រាផ្តាច់មុខឱ្យ LD ? 

ទោះជាយ៉ាងណា លោក ជា សុវណ្ណនរាហ៍ បានបញ្ជាក់អំពីរឿងរ៉ាវខាងលើថា « សូម្បីតែរូបខ្ញុំផ្ទាល់ក៏ឆ្ងល់ដែរថា ហេតុអ្វីគេមិនហៅខ្ញុំថតបែបនេះ ? ការពិតខ្ញុំមិនបានចុះកុងត្រាផ្តាច់មុខជាមួយផលិតកម្ម LD ឡើយ ប្រសិនបើគេហៅថត ខ្ញុំទទួលថតដោយក្តីរីករាយ មិនប្រកាន់ផលិតកម្មណាទាំងអស់ សំខាន់គឺគ្មានអ្នកហៅតែម្តង » ។ 

ក្រៅពីសិល្បៈ លោក ជា សុវណ្ណនរាហ៍ ក៏ជាមន្រ្តីរាជការបំរើការងារនៅក្នុងស្ថាប័នមួយផងដែរ ទៅថ្ងៃអនាគត មិនថាមានរឿងអ្វីកើតឡើងលោកនៅតែបន្តការងារសិល្បៈជាការងារស្នូលដែលខ្លួនស្រឡាញ់ តាំងពីនៅតូចៗ ។ ចំពោះរឿងគូស្រករវិញលោក ជា សុវណ្ណនរាហ៍ នៅតែបន្តធ្វើជាបុរសនៅលីវ មិនទាន់ដឹកដៃនារីណាម្នាក់ចូលរោងការនៅឡើយទេ ៕