អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោមដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត។
លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម។
មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ក្បាំងជញ្ជាំងខាងលើ និងពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។
សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាបខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ១២គីឡូម៉ែត្រ៕
អត្ថបទនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា